នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងគ្រឿងញៀន៥កញ្ចប់តូច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ មិនថាពេលយប់ ឬពេលថ្ងៃ។ នៅវេលាម៉ោង០២រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៨ កម្លាំងរបស់លោកមានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន ឈ្មោះ ម៉ាប់ មួង ភេទប្រុស អាយុ២១ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មុននឹងឃាត់ខ្លួនជនសង្ស័យនេះ គឺកម្លាំងរបស់លោកបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចទីតាំងកើតហេតុ ពេលដែលជនសង្ស័យកំពុងដើរម្នាក់ឯង (នៅចំណុចខាងលើ) មានការសង្ស័យ កម្លាំងរបស់លោកក៏បានឃាត់ខ្លួនត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៥កញ្ចប់តូច នៅជាប់ខ្លួន ក៏បានឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង។ ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៥កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner