ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនៅវេលាម៉ោង១០យប់នេះ នឹងមានឮសំឡេងទូងស្គរ គោះត្រដោក និង សំឡេងផ្សេងៗយ៉ាងកងរំពង
ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ លោកស្រី ឯក យ៉ានី អភិបាលរងខណ្ឌច្បារអំពៅ បានណែនាំដល់លោកចៅសង្កាត់ទាំង៨ តាមបណ្តាវត្តនានា និងប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌច្បារអំពៅទាំងមូល សូមត្រៀម និងចូលរួមទូងស្គរ គោះត្រដោក ទះប៉ោត ជាដើម ឲ្យបានកងរំពង នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែ វិច្ឆិកានេះ ដើម្បីអបអរសាទរ ល្ខោនខោលខ្មែរ ដែលត្រូវបានអង្គការយូណេស្កូ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅក្នុងឱកាសកិច្ចប្រជុំលើកទៅ១៣ ក្នុងទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
នេះជាមោទកភាពថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា ដែល«ល្ខោនខោល»របស់កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យ និងមានតម្លៃជាសកល។ ល្ខោនខោល គឺជាបេតិកភណ្ឌទី៥ ហើយដែលបានទទួលនូវឋានៈដ៏ឧត្តុង្គឧត្តម បន្ទាប់ពីការបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។ បេតិកភណ្ឌផ្សេងទៀត ដែលត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិវប្បធ៌មពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នាពេលនេះ គឺជាការរួមចំណែក ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួរអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក៕