សហរដ្ឋអាម៉េរិកត្រៀមដាក់ដំណើរការនាវាពិឃាតមានសមត្ថភាពវាយប្រហារក្រោមផ្ទៃទឹក លើដី និងទីអាកាសថ្មីមួយ ក្នុងសប្តាហ៍នេះ
សហរដ្ឋអាម៉េរិក៖ សារព័ត៌មានស៊ីនហួររបស់ចិនបានចុះផ្សាយថា យោធាអាម៉េរិក បានប្រកាសថា ខ្លួននឹងដាក់ឲ្យដំណើរការនូវនាវាពិឃាតថ្មីបំផុត ដែលមានបំពាក់មីស៊ីលប្រដេញ ឈ្មោះថា USS Thomas Hudner នៅក្នុងសប្តាហ៍នេះ។ នាវាពិឃាត Thomas Hudner នេះ បានយកឈ្មោះតាមអតីតអាកាសយានិកនៃទ័ពជើងទឹកអាម៉េរិកម្នាក់ ដែលមានឈ្មោះពេញថា Thomas J. Hudner Jr. ដែលទទួលបានមេដាយក៏ខ្ពង់ខ្ពស់ Medal of Honor ពីអតីតប្រធានាធិបតីអាម៉េរិក លោក Harry S. Truman កាលពីឆ្នាំ១៩៥១។ លោក Hudner បានទទួលមរណភាពកាលពីឆ្នាំ២០១៧ ក្នុងវ័យ៩៣ឆ្នាំ។
ពិធីដាក់ឲ្យដំណើរការនាវាចម្បាំងខាងលើ គ្រោងនឹងប្រព្រឹត្តទៅនៅឯទីក្រុង Boston រដ្ឋម៉ាសាឈូសេត (Massachusetts) ក្នុងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ នាវានេះនឹងក្លាយជានាវាពិឃាតប្រភេទ Arleigh Burke-class ទី៦៦ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅលើទីអាកាស លើដី និងក្រោមផ្ទៃទឹកបានក្នុងពេលតែមួយ៕ម.ន