នគរបាលប៉ុស្តិ៍ដង្កោចាប់ខ្លួនជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ក្នុងករណីប្លន់ម៉ូតូ
ភ្នំពេញ៖ ជនសង្ស័យ៤នាក់ដែលជាមុខសញ្ញាប្លន់យ៉ាងសកម្ម បានធ្វើសកម្មភាពដេញធាក់ប្លន់ម៉ូតូជនរងគ្រោះ តែមិនបានសម្រេចត្រូវកម្លាំងនគរបាលប៉ុស្តិ៍ដង្កោកំពុងល្បាតឃើញដេញចាប់បាន៣នាក់ជាបន្តបន្ទាប់ និងម្នាក់ទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១នឹង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក តុល តូនី នាយប៉ុស្តិ៍ដង្កោបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ លោកបានដឹកនាំបញ្ជាកម្លាំងប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋនឹងទប់ស្កាត់បទល្មើសឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រហូតដល់ម៉ោង១រំលងអាធ្រាត្រ ពេលកម្លាំងលោកកំពុងជិះល្បាតស្រាប់តែឃើញជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿងដេញធាក់បុរសម្នាក់បំណងប្លន់យកម៉ូតូ។ ភ្លាមៗកម្លាំងលោកក៏បានចេញអន្តរាគមន៍ដេញចាប់ក្របួចបានចំនួន២នាក់ ដកហូតម៉ូតូបានមួយគ្រឿង ចំណែកជនសង្ស័យ២នាក់ទៀតបានជិះម៉ូតូគេចបាត់ស្រមោល។ បន្ទាប់ពីឃាត់យកមកសួរនាំសមត្ថកិច្ចបានតាមឃាត់បានជនសង្ស័យម្នាក់ទៀត និងដកហូតបានម៉ូតូគ្រឿង។
លោកបន្តថាជនសង្ស័យទាំង៣ មានឈ្មោះ៖ ទី១)ឈ្មោះ ជិន រ៉ាវី អាយុ១៨ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទី២)ឈ្មោះ ឃឿន លីយ៉ា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងទី៣)ឈ្មោះ ធី សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរតាមចាប់បក្ខពួកដែលនៅសេសសល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕