ព្រឹទ្ធសភា បានបន្តបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ
ព្រឹទ្ធសភានៃព្រះរាជាណា-ចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទីព្រឹក។ សមាជិកព្រឹទ្ធសភា មានវត្តមានចំនួន៥៧រូប។ អង្គប្រជុំ បានដំណើរការតាមរបៀបវារៈ ចំនួន៤រួមមាន៖
របៀបវារៈទី១)ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើង មានគោលបំណងសម្រួលដល់កិច្ចសហប្រតិបត្តិការគ្រប់គ្រងបទល្មើស ឲ្យមានប្រសិទ្ធភាពរវាងគូភាគី ពង្រឹងទំនាក់ទំនងរវាងគូភាគីតាមរយៈការចុះហត្ថលេខា លើសន្ធិសញ្ញាបត្យាប័ននេះ ដោយឈរលើគោលការណ៍ អធិបតេយ្យភាព សមភាព និងមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងអនុវត្តសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ឲ្យរឹតតែមានប្រសិទ្ធភាព។
សន្ធិសញ្ញាស្តីពីបត្យាប័ននេះ មានវិសាលភាព អនុវត្តចំពោះរាល់សំណើសុំបត្យាប័ន បន្ទាប់ពីសន្ធិសញ្ញានេះ បានចូលជាធរមាន ទោះបីជាបទល្មើស ដែលបានប្រព្រឹត្ត នៅមុនពេលកាលបរិច្ឆេទ នៃការចូលជាធរមាននៃសន្ធិសញ្ញានេះក៏ដោយ។ សេចក្តីព្រាងច្បាប់នេះ មានគុណប្រយោជន៍ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើគោលការណ៍ គោរពនូវអធិបតេយ្យភាព សមភាព និងមានផលប្រយោជន៍ទៅវិញទៅមក និងជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណា-ចក្រកម្ពុជា បានអនុម័តយល់ព្រមលើកដំបូងចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២)ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្រ្តនៃការរក្សាសមិទ្ធផល ដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗ សម្រាប់គាំទ្រដល់ការសម្រេចបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបន្តរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាទ្រទ្រង់នូវដំណើរការវិវឌ្ឍ ឈានឡើងរបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍ ប្រកបដោយគុណភាព និងចីរភាពទៅមុខឥតឈប់ឈរ ។
សេចក្តីព្រាងច្បាប់នេះ ក៏បានកំណត់ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ប្រមាណ ៦,៧២៩ លានដុល្លារអាម៉េរិក ត្រូវជា ២៤,៧២% នៃ ផ.ស.ស និងមានកំណើន ១១,៤% ធៀបនឹងច្បាប់ឆ្នាំ២០១៨ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងប្រមាណ ៤,៤៣៦ លានដុល្លារអាម៉េរិក ត្រូវជា ១៦,៣០% នៃផ.ស.ស និងមានកំណើន ១២,៣% ធៀបនឹងច្បាប់ឆ្នាំ២០១៨។ សេចក្តីព្រាងច្បាប់នេះ ក៏គ្រោងនឹងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឬចំណូលក្នុងប្រទេសថវិកាជាតិប្រមាណ ៥,២៤៨ លានដុល្លារអាម៉េរិក ត្រូវជា ១៩,២៨% នៃ ផ.ស.ស និងមានកំណើន ១៤,០% ធៀបនឹងច្បាប់ឆ្នាំ២០១៨។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០៦ជំពូក ចែកជា ១៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូងចំនួន១១៣សំឡេង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ តំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣)ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ សេចក្តីព្រាងច្បាប់នេះ បានដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា និងការបន្តធានាចលនានៃការកែទម្រង់ស៊ីជម្រៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបំណងប្រាថ្នារបស់ប្រជាជន លើសពីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការបន្តរក្សាកិត្យានុភាពជាតិ ការការពារអធិបតេយ្យភាព បូរណភាពជាតិ ទឹកដី ការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការបន្តរក្សាឱ្យបាន នូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ការធានាបាននូវស័ក្តិសិទ្ធភាព ប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅពន្លឿនអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេស ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣ជំពូក និង១៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន១១១សំឡេង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ តំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៤)ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិ-បាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិ-បាល នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងចំនួន២នេះ ធ្វើឡើងក្នុងគោលដៅទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្រ្កាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងការបំពេញកាតព្វកិច្ចក្របខណ្ឌអាស៊ាន។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជា ទទួលបាននូវលក្ខខណ្ឌ អំណោយផលមួយចំនួនដូចជា៖
១.លក្ខខណ្ឌដែលផ្តល់ប្រយោជន៍ ដល់ប្រទេសកម្ពុជា ក្នុងការកំណត់ពន្ធតាមរយៈគ្រឹះស្ថាន
អចិន្ត្រៃយ៍
២.ការយកពន្ធលើបុព្វលាភ ធានារ៉ាប់រង ដែលលក់ដោយសហគ្រាស អនិវាសនជន
៣.ការយកពន្ធលើការដឹកជញ្ជូនអន្តរជាតិ តាមផ្លូវទឹក និងផ្លូវគោក
៤.ការយកពន្ធ តាមរយៈសួយសារ លើការជួលឧបករណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិទ្យាសាស្រ្ត
៥.ការយកពន្ធកាត់ទុក លើកម្រៃសេវាបច្ចេកទេស
៦.ការរក្សាបាននូវអត្រាពន្ធ កាត់ទុកខ្ពស់ ចៀសវាងបាននូវផលប៉ះពាល់ខ្លាំង លើចំណូល
ពន្ធជាតិ
៧.ការយកពន្ធលើចំណូលផ្សេងៗ របស់អនិវាសនជន
៨.ការដាក់បញ្ចូល នូវគោលការណ៍លើកទឹកចិត្ត សម្រាប់គម្រោងវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមានប្រយោជន៍សម្រាប់ធានាភាពទាក់ទាញនៃការវិនិយោគផ្ទាល់ មកពីបរទេស តាមរយៈការផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធដារ ដែលមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន១១១សំឡេង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញ មកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕