ថ្នាក់ដឹកនំាក្រុមហ៊ុន SCG សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ និងបណ្ដុះបណ្ដាលអ្នកបើកបរយានយន្តធុនធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួយគាំទ្រដល់ការលើកកម្ពស់ចំណេះដឹងនៃការបណ្ដុះបណ្ដាលផ្នែកបើកបរ សម្រាប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ក្នុងរាជធានីភ្នំពេញ ដែលនឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការបើកបរឲ្យមានសុវត្ថិភាព ។
ស្របពេលដែលការប្រើប្រាស់ដងផ្លូវចេះតែកើនឡើងជារៀងរាល់ថ្ងៃ ទើបក្រុមហ៊ុន អេសស៊ីជី មានក្ដីបារម្ភចំពោះសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនកម្ពជា ជាពិសេសទាក់ទិននឹងការបើកបរ និងការប្រើប្រាស់ដងផ្លូវ ។ ដូច្នេះហើយ អេសស៊ីជី និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ជំនាញបើកបរយានយន្ត ជាពិសេសសម្រាប់ប្រភេទយានយន្តធុនធ្ងន់ ។ ការបណ្ដុះបណ្ដាលនេះ នឹងប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់អេសស៊ីជី តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរយានយន្តធុនធ្ងន់របស់ខ្លួន ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ ។ កម្មវិធីបណ្ដុះបណ្ដាលនេះដែរ ក៏នឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកបើកបរ ទាំងការចៀសវាងកុំឲ្យមានគ្រោះថ្នាក់ និងការប្រតិបត្តិបានត្រឹមត្រូវក្នុងការគ្រប់គ្រងយានយន្តរបស់ខ្លួន ។
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជាមានប្រសាសន៍ថា ក្រុមហ៊ុនអេសស៊ីជី មានបទពិសោធន៍ និងចំណេះដឹង ទាក់ទិននឹងការបើកបរដោយសុវត្ថិភាព ពីព្រោះក្រុមហ៊ុនមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរដែលទំនើប ដែលមានដំណើរការជាច្រើនឆ្នាំមកហើយ ។ អេសស៊ីជី ជឿថា ចំណេះដឹងទាំងអស់នេះអាចយកទៅកែសម្រួល និងប្រើប្រាស់សម្រាប់ការអប់រំដល់ប្រជាជនកម្ពុជា ។ ជាមួយនឹងជំនាញល្អក្នុងការបើកបរ ដូច្នេះ ដងផ្លូវនៅកម្ពុជាអាចមានសុវត្ថិភាពជាងមុន ។  ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះទៀតសោត នឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរជុំវិញច្បាប់ចរាចរណ៍ ដូច្នេះនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធ្ងន់បានឆក់យកជីវិតមនុស្សជិត ២០០នាក់ក្នុងប្រទេសកម្ពុជា ។ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងថា បច្ចុប្បន្នរថយន្តធុនធ្ងន់ចំនួន ២៣ ម៉ឺនគ្រឿងត្រូវបានចុះបញ្ជី ប៉ុន្តែការបណ្ដុះបណ្ដាល និងកម្រិតនៃអ្នកមានប័ណ្ណបើកបរនៅមានចំនួនទាបនៅឡើយ ដែលក្នុងនោះ អ្នកបើកបរយានយន្តធុនធ្ងន់មានតែ ៦០%ប៉ុណ្ណោះ ដែលមានប័ណ្ណបើកបរត្រឹមត្រូវ ។ គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សប្រមាណ៥នាក់ និងបង្ករបួសស្នាមដល់មនុស្សចន្លោះពី១៥ ទៅ២០នាក់ជារៀងរាល់ថ្ងៃ ដោយធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារលើការខូចបង់ទ្រព្យសម្បត្តិ ការព្យាបាល និងការខាតបង់ផលិតភាពការងារ ។ ដូច្នេះ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃដំណោះស្រាយ ដែលនឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងធ្វើឲ្យការបើកបរនៅតាមដងផ្លូវកាន់តែមានសុវត្ថិភាព ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner