រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល ត្រូវធ្វើជាគំរូល្អដល់កូនចៅ នៅក្នុងការគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រារងគ្រោះ និងមរណៈនៅលើដងផ្លូវ
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានថ្លែង ក្នុងគ្រាដែលលោកស្រី បានអញ្ជើញជាគណៈអធិបតី នៅក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ «សុវត្ថិភាពចរាចរផ្តើមចេញពីខ្ញុំ»។
នៅក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៦មិថុនាឆ្នាំ២០២០នេះ បានរៀបចំឡើងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក គោស៊ុ ប៊ុនសឿត មន្ទីរពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅក្នុងស្រុករវៀង ដ៏ច្រើនកុះករផងដែរ។
អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកហោ គឹមឡុង បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅ នឹងសកម្មភាពទាំង ៨ចំណុច របស់គណៈកម្មាធិការ សុវត្ថិភាពចរាចរផ្លូវគោក មន្ទីរ ក៏ដូចលេខាធិការដ្ឋានសុវត្ថិភាពចរាចរផ្លូវគោកខេត្ត បានបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកថ្មី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងខេត្ត បានចែកសៀវភៅច្បាប់ និងខិត្តប័ណ្ណ ផ្ទាំងរូបសុវត្ថិភាពចរាចរណ៍ នៅតាមទីសាធារណៈ ថែមទាំងបានចែកមួកសុវត្ថិភាពជិត ២ពាន់មួក ដោយឥតគិតថ្លៃ ក្នុងគោលបំណង កាតបន្ថយគ្រោះថ្នាក់ចរាចរ អោយនៅកម្រិតទាបបំផុត ។ លោកថា សម្រាប់ថ្ងៃនេះ មន្ទីរបានចែកមួកសុវត្ថិភាពចំនួន ១៤០មួក ចែកសៀវភៅច្បាប់ ខិត្តប័ណ្ណ និងផ្ទាំងរូបសុវត្ថិភាពចរាចរណ៍ នៅតាមទីសាធារណៈ ជូនអ្នកចូលរួមទាំងអស់ ថែមទៀតផង។
អភិបាលរងខេត្តព្រះវិហារ លោក គោស៊ុ ប៊ុនសឿត បានមានប្រសាសន៍ថា ក្នុងនាមលេខាធិការដ្ឋាន សុវត្ថិភាពចរាចរផ្លូវគោកខេត្ត សូមសំណូមពរដល់បងប្អូន អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ឲ្យថយមកនៅកម្រិតទាបបំផុត និងដើម្បីធានា នូវអាយុជីវិតខ្លួនឯង និងអ្នកដទៃផងដែរ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានមានប្រសាសន៍ក្រើនរំលឹក ដល់ឪពុកម្តាយដែលជាអាណាព្យាបាលកូនចៅ ត្រូវអនុវត្តច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ពេលបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ពិនិត្យយានយន្តអោយបានត្រឹមត្រូវតាមបច្ចេកទេស មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង សូមកុំបើកបរលើសល្បឿនកំណត់ និងសូមកុំនិយាយទូរស័ព្ទនៅក្នុងពេលបើកបរ ជាដើម។ល។ កត្តាទាំងអស់នេះហើយ ដែលលោកឪពុក អ្នកម្តាយ ត្រូវអប់រំដល់កូនចៅប្រុសស្រីគ្រប់រូប អោយចូលរួមគោរព និងអនុវត្តន៍ច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅក្នុងការកំណត់ នៃច្បាប់ ។
លោកស្រី រដ្ឋលេខាធិការក្រសួង បានមានប្រសាសន៍ថា នៅពេលថ្មីកន្លងមកនេះ មានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស គឺក្នុងគោលបំណងតែមួយគត់ ចង់ដាស់ពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ អោយចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីបញ្ជៀសបានពីការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលអោយរងពិការភាព ការបាត់បង់ជីវិត ឪពុក ម្តាយព្រាត់កូន ប្រពន្ធព្រាត់ប្តី ។ល។ ដូច្នេះ គ្មានអ្វីដែលប្រសើរជាង ការចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នានោះឡើយ ដែលជាការកាត់បន្ថយបាន នៅអត្រាគ្រោះថ្នាក់ដល់អាយុជីវិត និងបញ្ចប់ការរងទុក្ខសោកនៅលើដងផ្លូវ៕ ដោយ៖ឡុង សំបូរ










