នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីលួចម៉ូតូអ្នកកាសែតនៅច្បារអំពៅ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួន ពាក់ព័ន្ធករណីលួចកាច់សោម៉ូតូយកទៅបញ្ញាំបានលុយ២០០ដុល្លារ ពេលត្រឡប់មកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចុះទៅចាប់ខ្លួនតែម្តង ព្រោះពេលធ្វើសកម្មភាពជនសង្ស័យត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ជាភ័ស្តុតាង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចំណុចមុខផ្ទះលេខ២៧២ ផ្លូវលេខ៣៥៧ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហេង សុខទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ហួន ចាន់ណា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ សំណង់អនាធិបតេយ្យ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0612 នៅមុខផ្ទះ រួចក៏បានចូលទៅសម្រាកមួយសន្ទុះ ក៏ត្រឡប់ចេញមកក្រៅវិញ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូគាត់ ជិះគេចពីកន្លែងកើតហេតុបាត់។
ភ្លាមនោះ គាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ។ បន្ទាប់ពីដាក់ពាក្យបណ្តឹង ក៏ត្រឡប់មកផ្ទះវិញ និងបើកមើលកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះរបស់ខ្លួនមើល ស្រាប់តែឃើញជនសង្ស័យ ដែលរស់នៅក្នុងភូមិជាមួយគ្នា បានធ្វើសកម្មភាពលួចយកម៉ូតូ ទើបយកវីដេអូនោះ ទៅប្រគល់ឲ្យសមត្ថកិច្ច ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវចាប់ជនសង្ស័យរូបនោះ។
លុះមកដល់ម៉ោង៧យប់ថ្ងៃដដែល មិត្តភក្ដិរបស់ជនរងគ្រោះ បានប្រទះឃើញជនសង្ស័យ នៅមុខផ្ទះរបស់ជនសង្ស័យនៅចុងភូមិ ទើបប្រញាប់រត់មកប្រាប់ជនរងគ្រោះ។ ក្រោយទទួលបានព័ត៌មានជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ២ ចេញជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះនៅមុខផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយកទៅបញ្ចាំនៅកន្លែងទទួលបញ្ចាំមួយកន្លែង ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ បានលុយចំនួន២០០ដុល្លារ រួចយកលុយមួយចំនួនទៅទិញថ្នាំជក់ និងមួយចំនួនទៀតរូបគេបានឲ្យមិត្តភក្ដិ និងនៅសល់លុយជាង១០ម៉ឺនរៀល រូបគេក៏ប្រគល់ឲ្យឪពុករបស់គេ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕