សារព័ត៌មាន CNN ចេញផ្សាយថា ប្រាក់យ័ន របស់ចិនធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានអំឡុង១០ឆ្នាំមកនេះ
ចិន៖ រូបិយប័ណ្ណចិន យ័ន ត្រូវបានរាយការណ៍ថាធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មាន ក្នុងរយៈពេល១០ឆ្នាំ ក្រោយមានសង្គ្រាមពាណិជ្ជកម្មជាសហរដ្ឋអាម៉េរិក នេះបើតាមការចេញផ្សាយរបស់សារព័តមាន CNN នៅអាម៉េរិក កាលពីម្សិលមិញ។ ប្រភពថា ប្រាក់យ័នចិន បានធ្លាក់ចុះរហូតដល់ជិត៧ម៉ឺនយ័ន ក្នុងមួយដុល្លារអាម៉េរិក កាលដើមសប្ដាហ៍កន្លងទៅ ដែលជាការធ្លាក់ចុះមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០០៨មក។ រូបិប័ណ្ណ យ័ន នេះបានធ្លាក់ចុះច្រើនជាង៩ភាគរយ ចាប់តាំងពីខែមករាមក។ ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថាជាផលមួយនៃសង្គ្រាមពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ ទោះយ៉ាងណាក៏ដោយ ធនាគារប្រជាជនចិនបានព្យាយាមបង្កើតយន្តការអត្រាប្តូរប្រាក់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការបង្កើនតួនាទីនៃកម្លាំងទីផ្សារ។ សូមបញ្ជាក់ថា ការវិវឌ្ឍចុងក្រោយនេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មយកពន្ធលើទំនិញចិនប្រហែល២៥០ពាន់លានដុល្លាររួចមកហើយ និងគ្រោងយកពន្ធលើទំនិញជាច្រើនមុខបន្ថែមទៀតក្នុងយុទ្ធនាការសង្គ្រាមពាណិជ្ជកម្មជាមួយចិន៕ម.ន