អត្តពលិកអាស៊ីអឺរុប ប្រមូលមេដាយគ្រប់វិញ្ញាសារពីព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិភ្នំបូកគោ លើកទី៥
អត្តពលិកអាស៊ីអឺរុប ប្រមូលមេដាយស្ទើរគ្រប់វិញ្ញាសារពីព្រឹត្តការណ៍រត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិ លើកទី៥ ឆ្នាំ២០១៨ លើភ្នំបូកគោ ខេត្តកំពត ដែលធ្វើឡើង ដើម្បីប្រមូលថិវកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធរបុប្ផា។
ទិវានេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីឲ្យអ្នកចូលរួមនានា មានឱកាសដ៏ល្អឥតខ្ចោះសម្រាប់បង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្រោមអត្ថន័យ ក្នុងការលើកកម្ពស់សុខភាព ភាពរីករាយ និងសប្បុរសធម៌។ ព្រឹត្តការណ៍ជាលក្ខណៈអន្តរជាតិនេះ ទាក់ទាញអ្នកចូលរួមរត់ ចំនួន១៤៥៩នាក់ ដោយសារនេះជាព្រឹត្តិការណ៍កីឡា-ទេសចរណ៍ និងសប្បុរសធម៌នោះ ដូច្នេះទើបអ្នករត់ជាតិ និងអន្តរជាតិបានបង្ហាញនូវឆន្ទៈចូលរួម និងបានរួមគ្នា ក្នុងស្មារតីសាមគ្គីភាពខ្ពស់ ក្នុងកិច្ចការសប្បុរសធម៌។
លោក ពៅ ហុក គ្រូកីឡាក្លិបកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលដឹកនាំកីឡាករ កីឡាការិនី របស់ខ្លួនចូលរួមប្រកួតជាង៣០នាក់នោះ បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សា អាស៊ីអឺរ៉ុប ដែលបានឧបត្ថម្ភគាំទ្រលើកទឹកចិត្តឲ្យអត្តពលិកមកចូលរួមរត់ និងចូលរួមក្នុង កិច្ចការសប្បរសធម៌នេះ ។ ចំពោះជ័យលាភីវិញ្ញាសារទាំងអស់ រួមមាន៖ វិញ្ញាសាររត់២១គីឡូម៉ែត្របុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡារ ម៉ា វីរ៉ូ មកពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ផ្នែកនារី លេខ១ កីឡាការិនីចក្រភពអង់គ្លេស Jiu Hamill។ វិញ្ញាសា១០គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករកម្ពុជា វណ្ណ ភារ៉ា ខណៈផ្នែកនារី លេខ១ កីឡាការិនី កម្ពុជាមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប៊ូ សំណាង។ ៥គីឡូម៉ែត្រ លេខ១ កីឡាករ ផាត សុផុត ខណៈផ្នែកនារី កីឡាការិនី ងួន ចារ៉ូណៃអ៊ី និងវិញ្ញាសារត់កម្សាន្ត ៣គីឡូម៉ែត្រ បានទៅលើកីឡាករ ផាន ផាន់ឈី។ ក្រៅពីនេះ ក៏មានចំណាត់ថ្នាក់លេចខ២ និងលេខ៣ ផ្នែកបុរស-នារីលើគ្រប់វិញ្ញាសាទាំងអស់ផងដែរ ៕ម.ន
