សម្ដេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈមួយចំនួន ដើម្បីសម្រេចបានពេញលេញ នូវអាទិភាព ទាំង៥ ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ និងកំណត់ទិសដៅអនាគតសម្រាប់សហគមន៍អាស៊ាន ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាព ស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ។ កិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯ,ឧ ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ដែលជាកិច្ចប្រជុំពេញអង្គ តាមរយៈប្រព័ន្ធវីដេអូ ក្រោម ប្រធានបទ “ភាពស្អិតរមួត និង ការឆ្លើយតប » នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅវិមាន សន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃទៀត ថ្លែងអំណរគុណដោយស្មោះចំពោះ ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc), នាយករដ្ឋមន្ត្រី នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម ដែលបានប្រឹងប្រែងសម្របសម្រួល និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ នេះឡើង ប្រកប ដោយជោគជ័យ តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតប ដែលឆ្លុះបញ្ចាំងអំពីភាពដឹកនាំអាស៊ានប្រកបដោយសមត្ថភាពរបស់វៀតណាម ទោះ បីជាយើង ប្រឈមនឹងបញ្ហាដែលកើតឡើងដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ។
សម្ដេចតេជោ បន្តថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងរយៈពេល ៥៣ឆ្នាំកន្លងមក, នេះគឺជាលើកទី១ ហើយ ដែលអាស៊ាន បានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ តាមរយៈប្រព័ន្ធវីដេអូ ។ កិច្ចប្រជុំដែលមិនធ្លាប់ មាននេះ បានបង្ហាញ យ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូល ក៏ដូចជាភាពធន់នឹងវិបត្តិ និង ការសម្របខ្លួនរបស់ អាស៊ាន ទៅនឹងសភាពការណ៍ថ្មី ។ ទន្ទឹមនេះ, ពង្រឹងសាមគ្គីភាព ក្រោមក្រប ខ័ណ្ឌពហុភាគី ខណៈ ដែលវិបត្តិសកលនេះ បាននឹងកំពុងប៉ះពាល់អវិជ្ជមានដល់យើងទាំងអស់គ្នា ។ ដើម្បីសម្រេចបានពេញលេញនូវអាទិភាពទាំង៥ ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ និង កំណត់ ទិសដៅអនាគតសម្រាប់សហគមន៍អាស៊ាន ឆ្នាំ២០២៥ និងពេលបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន សូមអនុញ្ញាតចែករំលែក នូវទស្សនៈមួយចំនួន ដូចខាងក្រោម ៖
ទី១- ការរាតត្បាត នៃជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាពសុខភាពសាធារណៈ, ការបង្អាក់ការប្រមូលផ្ដុំ និងដំណើរការនៃច្រវាក់ផ្គត់ផ្គង់សកល ក៏ដូចជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក ។ ក្នុងបរិការ នេះ, ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល លើមូលដ្ឋានពហុភាគីនិយម, ជាពិសេស ក្រោមក្រប ខ័ណ្ឌអង្គការសហប្រជាជាតិ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន ។ ជាការពិតណាស់ កាលៈទេសៈ នេះ មិនមែនជាពេលសម្រាប់យើងចោទប្រកាន់គ្នា, រើសអើង ឬ បែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើ របៀបវារៈនយោបាយណាមួយនោះឡើយ ។ ក្នុងន័យនេះ, កម្ពុជា សូមគាំទ្រយ៉ាងពេញ ទំហឹង ចំពោះ អាណត្តិធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងដើរតួនាទីស្នូល ក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាតត្បាតនេះ ។ ទន្ទឹមនឹងការរង់ចាំភាពជោគជ័យដំបូង បំផុត នៃការ ផលិតវ៉ាក់សាំង, កម្ពុជា សូមអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកល លោក (Global common goods) ដែលប្រជាជនគ្រប់រូប ក្នុងសកលលោក អាចទទួលបាន ។ ជាទិសដៅ ទៅមុខ, អាស៊ាន ពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ ក្រោយ អំឡុងពេលវិបត្តិកូវីដ-១៩ ។ ដើម្បីសម្រេចបាននូវគោលដៅនេះ, អាស៊ាន គួរបង្កើតផែនការស្តារឡើង វិញមួយ ប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញនូវសេណារីយ៉ូមួយចំនួន សម្រាប់ បើកឱ្យដំណើរការជាបណ្តើរៗ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងការស្តារឡើងវិញ នូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ ។
ទី២- ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅតែជារបៀបវារៈសំខាន់សម្រាប់អាស៊ាន ក្នុងការកសាង សហគមន៍ដែលប្រកាន់យកប្រជាជនជាស្នូល ។ សម្ដេចសូមកត់សម្គាល់ដោយក្ដីរីករាយ ដែលអាស៊ាន សម្រេចបានប្រមាណជាង ៨៤% នូវការអនុវត្តផែនការលើកទី៣ នៃការផ្ដួចផ្ដើមសមាហរណកម្ម អាស៊ាន និងលើកទឹកចិត្តឲ្យមានការសម្របសម្រួលបន្ថែមទៀត ដើម្បីពន្លឿនការអនុវត្តសកម្មភាព ដែលនៅសេសសល់ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ។ ពាក់ព័ន្ធនឹងការតភ្ជាប់ សម្ដេចសង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់ផ្នែកឌីជីថល និងសេដ្ឋកិច្ចឌីជីថល ។ ឌីជីថល ភាវូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប៉ះប៉ូវផលិតភាព ដែលបាត់បង់ដោយសារការរីករាល ដាល នៃជំងឺកូវីដ-១៩ ។ ចាស់ដៃក្នុងវិស័យនេះយើងអាចមើលឃើញសក្ដានុពលយ៉ាងធំ ពីទីផ្សារ និង កម្លាំងពលកម្ម ដែលមិនទាន់ត្រូវបានចាប់យកមកប្រើប្រាស់ឲ្យបានពេញលេញនៅឡើយ ។ ជាងនេះទៅទៀត ការរំខានដែលបណ្ដាលមកពីការរីករាលដាល នៃជំងឺនេះ បានធ្វើឱ្យយើងដឹងពីតម្រូវ ការចាំបាច់សម្រាប់អាស៊ាន ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក៏ដូចជាការគាំទ្របន្ថែម ដល់សមាហរ័ណកម្មសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ ស្របពេលដែលអាស៊ាន កំពុងប្រឹងប្រែងស្តារ សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺនេះ ។
ទី៣- ពាក់ព័ន្ធនឹងការស្នើសុំរបស់ទីម័រឡេស្ត ចូលជាសមាជិកពេញសិទ្ធិអាស៊ាន សម្ដេចបញ្ជាក់ឡើង វិញ នូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រឡេស្ត ជាសមាជិក ពេញសិទ្ធិរបស់អាស៊ាន ។ សម្ដេចមានសុទិដ្ឋិនិយមថា សមាជិកភាពរបស់ទីម័រឡេស្ដ មិនត្រឹមតែមាន សារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យើងក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ការសម្រេចក្ដីសុបិនរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការ បង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោមឆ័ត្រអាស៊ានផងដែរ ។ សម្ដេច បន្តថា យើងគួរបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលទី ម័រឡេស្ដ ដើម្បីដោះស្រាយរាល់បញ្ហាធំៗ ដែល ប្រទេសទាំងនេះកំពុងជួបប្រទះ សំដៅជួយបំពេញរាល់នីតិវិធី លក្ខខណ្ឌតម្រូវចាំបាច់នានា ឲ្យបានឆាប់ ។
ទី៤-នៅក្នុងបរិបទសកលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស , អាស៊ាន បង្ហាញខ្លួនយ៉ាងច្បាស់ថា ជាសហគមន៍មួយដែលប្រកបដោយជីវភាពបំផុត ។ ដូច្នេះ, ដៃគូអភិវឌ្ឍន៍ជាច្រើនបានសម្តែងនូវ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាស៊ាន ។ កិច្ចសហ ប្រតិបត្តិការ និងភាពជាដៃគូបែបនេះ មានសារៈសំខាន់ណាស់សម្រាប់អាស៊ាន ក្នុងការលើកកម្ពស់ដំណើរការកសាងសហគមន៍ ជាពិសេស ក្នុងការជម្នះនូវឧបសគ្គ និង ភាពស្មុគ ស្មាញនានា ។ ក្នុងន័យនេះ, កម្ពុជា យល់ថា គំនិតផ្តួចផ្តើម របស់ប៊្រុយណេ ស្តីពីការបើកឡើងវិញ នូវការទទួលសំណើពីប្រទេស ដែលចាប់អារម្មណ៍ធ្វើជាដៃគូសន្ទនាថ្មី របស់អាស៊ាន ពិតជាមាន ប្រយោជន៍សម្រាប់យើង ។ កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប៊្រុយណេ និងប្រទេសសមាជិក អាស៊ានដទៃទៀត លើបញ្ហានេះ ដើម្បីសម្រេចឱ្យបានលទ្ធផលជាវិជ្ជមាន ដោយរក្សានូវមជ្ឈភាព អាស៊ាន (ASEAN Centrality) និងតួនាទីដឹកនាំរបស់យើងនៅក្នុងតំបន់ ។ កម្ពុជា ផ្ដោតសារៈសំខាន់យ៉ាងខ្លាំង និងយកចិត្តទុកដាក់ ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅសមុទ្រចិនខាងត្បូង។ ការវិវត្តថ្មីៗនៅសមុទ្រចិនខាងត្បូង បានបង្ហាញពី សារៈសំខាន់នៃការបញ្ចប់កិច្ចចរចា COC ឲ្យបានឆាប់ ដើម្បីធានាសុខសន្តិភាពនៅសមុទ្រចិនខាង ត្បូង ។ ក្នុងន័យនេះ ភាគីពាក់ព័ន្ធផ្ទាល់ គួរផ្តល់សារៈសំខាន់លើភាពអត់ធ្មត់ និងការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ។
ជាមួយគ្នានេះដែរ, សមម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ ទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលហ្សេឡង់, កម្ពុជា សូមថ្លែងអំណរគុណចំពោះសមាជិកអាស៊ាន ដែលបានគាំទ្រការរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន-នូវែលហ្សេឡង់ ។ អាស្រ័យហេតុនេះ, កម្ពុជា សូមលើកទឹកចិត្តរដ្ឋមន្ត្រីការបរទេសអាស៊ាន បន្តការងារនេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលនេះ ឱ្យលេចឡើងជារូបរាង ៕







