អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយរដ្ឋបាលខេត្ត រៀបចំយុទ្ធនាការអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ  និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ ។

កម្មវិធីនេះ រៀបចំឡើង ក្រោមអធិបភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ នៅមុខរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥មិថុនានេះ ។

មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវ មឹន មាណវី បានលើកឡើងថា៖ គោលបំណង នៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីដាស់តឿនស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឲ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់មកនៅកម្រិតទាប ។

លោកជំទាវបន្តថា៖ សព្វថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារ ការមិនគោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរលើដងផ្លូវ ករណីខ្លះបណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់អាយុជីវិត ផងដែរ ។

លោកជំទាវ ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលបានចូលរួមនាឱកាសនោះ សូមឲ្យបន្តការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍នេះ ដល់សមាជិកក្នុងក្រុមគ្រួសារ បងប្អូន និងអ្នកជិតខាង និងនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យគ្រប់ៗគ្នា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner