រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភ្សាការងារជាមួយនាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រុមហ៊ុនធំៗ ដែលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា
ឯកឧត្តម វេង សាខុនក្រសួង រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានទទួលជួបលោក Jack Myrnt នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រុមហ៊ុនធំៗ ដែលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីពិភាក្សាការងារ។ ក្នុងឱកាសនោះលោកប្រធានប្រតិភូបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ពីគោលបំណងនៃជំនួបនាថ្ងៃនេះគឺទី១-ជួយធ្វើការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ទី២-ជួយរៀបចំចងក្រង និងអនុវត្តនូវវិធាននានាដែលទាក់ទងនឹងវិស័យកសិកម្ម ទី៣-កសាងនិងអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម និងទី៤-គាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសខ្នាតតូច និងមធ្យម (SME)។
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយបានឃើញសមិទ្ធផលថ្មីៗជាច្រើន ដែលកើតឡើងរវាងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Jack Myrnt និងសហការី ដែលបានអញ្ជើញមក ស្វែងយល់បន្ថែមពីសក្តានុពលលើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន សង្ខេបពីអនុ វិស័យមួយចំនួន ដែលមានសក្តានុពលសម្រាប់ធ្វើការវិនិយោគក្នុងនោះមាន ផលិតកម្មស្រូវ ពោត ដំឡូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ វារីវប្បកម្មទឹកសាប និងសមុទ្រ និងផលិតកម្មសត្វផងដែរ។ល។ ដែលអនុវិស័យទាំងនោះទាមទារធ្វើការវិនិយោគទាំងលើការងារផលិតកម្ម ដើម្បីបង្កើនផលិតភាពផលិតកម្ម គុណភាព និងសុវត្ថិភាព តាមរយៈការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តកសិកម្មតាមកិច្ចសន្យា និងការងារកែច្នៃជាផលិតផលពាក់កណ្តាលសម្រេច ឬផលិតផលសម្រេចតែម្តងដែលអាចធ្វើការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលនេះគឺជាប្រសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ ពីតម្រូវការចាំបាច់ក្នុងការនាំចេញកសិផល បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម និងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែរទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី។ល។ ដោយឡែក ក្រសួងបាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ដើម្បីជួយជំរុញវិស័យកែច្នៃ វេចខ្ចប់ឲ្យមានការរីកចម្រើនដើម្បីធ្វើការនាំចេញកសិផលនាពេលអនាគត។ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានប្រព្រឹត្តទៅដោយរលូន ឯកឧត្តមរដ្ឋមន្រ្តីបាននែនាំដល់អង្គភាពជំនាញ ធ្វើការសហការជាមួយសមាជិកក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ឲ្យបានខ្ជាប់ខ្ជូន និងមានប្រសិទ្ធភាព មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់ពីលទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឯកភាពលើសំណើរបស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិកមួយចំនួនទៀត ដែលមានបំណងមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែល។