គ្រូជំនាញកីឡាបាញ់កាំភ្លើង បញ្ជាក់ថា កង្វះទីលាន កាំភ្លើង និងគ្រាប់សម្រាប់ហ្វឹកហាត់ ជាបញ្ហារារាំងក្នុងការអភិវឌ្ឍន៍កីមួយនេះ
គ្រូជំនាញកីឡាបាញ់កាំភ្លើង លោក Thomas Bavet បញ្ជាក់ថា កង្វះទីលាន កាំភ្លើង គ្រាប់សម្រាប់ហ្វឹកហាត់ ជាបញ្ហារារាំងក្នុងការអភិវឌ្ឍន៍ ប្រភេទកីឡាមួយនេះនៅកម្ពុជា ដោយសារសហព័ន្ធបាញ់កាំភ្លើងទើបតែចាប់ផ្តើមពីកម្រិតសូន្យរយៈពេល៣ឆ្នាំមកនេះ កត្តានេះធ្វើអោយសហព័ន្ធជួបបញ្ហាច្រើន ។ លោកគ្រូជំនាញរូបនេះ បន្តថា ចំពោះធនធានមនុស្សមិនសូវជាបញ្ហាទេ ដោយសារឥឡូវសហព័ន្ធមានលទ្ធផលបណ្តើរហើយ ដោយយើងមានអ្នកជំនាញប្រហែលជា៥០% ។
ការថ្លែងបែបនេះធ្វើឡើងក្នុងបទសម្ភាសជាមួយ អ្នកយកព័តមានទូរទស្សន៍ អប្សរា នៅកន្លែងអនុវត្តទ្រឹស្តី ក្នុងពហុកីឡដ្ឋានស្តាតចាស់ កាលពីព្រឹកមិញ ។
លោក Thomas Bavet សង្ឃឹមថា កីឡាបាញ់កាំភ្លើងកម្ពុជា និងមានការរីកចំរើនពីព្រោះយើងមាន ប្រធានដឹកនាំល្អ ហើយប្រសិនបើរាជរដ្ឋាភិបាលជួយជ្រោមជ្រែងទៀតនោះ គឺរិតតែល្អ ពិសេសជាងនោះទៅទៀត និងទទួលបានលទ្ធផលល្អប្រសើរ នៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
សិក្ខាកាមដែលទទួលវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ បានអះអាងដូចគ្នាថា ពួកគេបានយល់ដឹងច្រើនទាំងទ្រឹសស្តី និងការអនុវត្តបាញ់កាំភ្លើងផ្ទាល់ ហើយពួកគាត់នឹឹងយកចំណេះដឹងដែលទទួលបាននៅថ្ងៃនេះយកទៅចែករំលែកដល់យុវជនជំនាន់ក្រោយ ដើម្បីបណ្តុះធនធានប្រកបដោយសក្តានុពល ត្រៀមដណ្តើមមេដាយជូនជាតិ ពីឆាកអន្តរជាតិ ។
លោក គុជ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានឲ្យដឹងដែរថា វគ្គនេះមានសារៈសំខាន់ណាស់ សម្រាប់សហព័ន្ធ បង្កើននូវធនធានមនុស្ស ក្នុងការអភិឌ្ឍនវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យមានកាន់តែល្អប្រសើរ ។
គួររំលឹកថា កីឡាបាញ់កាំភ្លើងត្រូវបង្កើតឡើង តាំងពីឆ្នាំ១៩៩៣ មកម្លេះ ហើយកីឡាមួយនេះបាន ផ្អាកទៅវិញមួយរយៈ បន្ទាប់មកត្រូវបានបង្កើតឡើងវិញ នៅឆ្នាំ២០១៥ ដឹកនាំដោយឯកឧត្តម មៀច សុផាន់ណា ជាប្រធានសហព័ន្ធ ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាន មានសិក្ខាកាមចូលរួមចំនួន៣១នាក់ ក្នុងនោះមាននារី១០ នាក់មកពីកងទ័ពឆ័ត្រយោង៩១១ អង្គភាពប្រឆាំងភេវរកម្មអង្គភាពការពារអាកាស និងក្លឹប PPSC ដែលបង្រៀនដោយគ្រូឧទ្ទេស គឺលោក Thomas Bavet៕