ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន ក្នុងករណីជួញដូរថ្នាំញៀន
ភ្នំពេញ៖ ដើម្បីការពារភូមិឃុំមានសុវត្តិភាព លោក អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានដាក់កម្លាំងល្បាតក្នុងភូមិសាស្ត្រជាប្រចាំ មិនថាយប់ឬថ្ងៃឡើយ ជាក់ស្ដែងកាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយប៉ុស្ដិ៍បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្របានប្រទះឃើញជនសង្ស័យម្នាក់នៅចំណុចផ្លូវ៦០ម៉ែត្រ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានការសង្ស័យក៏ធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន៦កញ្ចប់តូច។
លោក អ៊ំ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភា វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ក្នុងនោះដែរសមត្ថកិច្ចដកហូតបាន គ្រឿងញៀនចំនួន៦កញ្ចប់តូច និងទូរសព្ទដៃចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕