អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅភូមិកោះនរា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក-លោកស្រីជាអភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីសាលាខណ្ឌជាច្រើននាក់ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ចំនួន១០៥គ្រួសារ។ អំណោយដែលលោកអភិបាលខណ្ឌយកទៅចែកជូននៅពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ចំនួន១០គីឡូ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ ២ដប និងស្ករស០,៥គីឡូ។
ក្នុងឱកាសនោះដែរ លោក ចេង មុនីរ៉ា ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ផងដែរ ហើយលោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិនជានិច្ច៕ម.ន