មេដឹកនំាកូរ៉េខាងត្បូងអះអាងថា លោក គីម ជុងអ៊ុន ចង់ជួបលោក ដូណាល់ ត្រំា ម្ដងទៀត ដើម្បីបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការនៅក្នុងឆ្នាំ២០១៨នេះ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាលើកទី០២ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែវត្ថុបំណងសំខាន់នៅពេលនេះរបស់លោក គីម នោះគឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) នៅក្នុងឆ្នាំ២០១៨នេះ ។
ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយ ក្រោយមកដល់ទីក្រុងសេអ៊ូល លោក មូន ជែអ៊ីនបានគូសបញ្ជាក់ថា លោកប្រធាន គីម បានបង្ហាញពីចេតនាចង់លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងឱ្យបានឆាប់រហ័ស ហើយងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចវិញ ។ មួយវិញទៀត លោក គីម ក៏សង្ឃឹមដែរថា នឹងអាចជួបជាមួយលោក ត្រាំ ក្នុងពេលឆាប់ៗនេះ ដើម្បីចរចាពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាពិសេសគឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ ក្នុងឆ្នាំ២០១៨នេះ ។
សូមរំលឹកថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាម្ដងរួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលរៀបចំឡើងនៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ដោយឡែកនៅពេលត្រូវបានសាកសួរពីជំនួបលើកទី០២ រវាងមេដឹកនាំទាំងពីរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហីដធឺ ណឺត ក៏បានបញ្ជាក់ផដដែរថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំជំនួបនេះ ៕