សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះបង្ក្រាប និងដកហូតបានឈើ ជាង១៤០សន្លឹក ដែលឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុក នៅក្នុងស្រះទឹកមួយ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ជាប់ព្រំដែនឡាវ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង លោក វង្ស សាវ៉ាត បានដឹកនាំមន្ត្រី នៃកម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងមន្ត្រីនៅក្នុងមូលដ្ឋាន ចុះបង្ក្រាប និងដហូតឈើ ប្រភេទលេខ១ បានប្រមាណជាង ១៤០សន្លឹក ដែលឈើទាំងនោះ ត្រូវគេដឹងថា ឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុក នៅក្នុងស្រះទឹកមួយ ហើយឈ្មួញបានត្រៀមដឹកតាមមធ្យោបាយរថយន្តគ្រប់ប្រភេទ នាំយកទៅលក់នៅក្រៅរង្វង់ដែនដីខេត្តស្ទឹងត្រែង។ ប៉ុន្តែ ឈើទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយដងផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឬទ្ធីសែនជ័យ២ « ភូមិឧបសម្ព័ន្ធ » ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

មន្ត្រីនៅក្នុងការបង្ក្រាបឈើនោះ បាននិយាយថា ប្រតិបត្តិការចុះបង្ក្រាបឈើល្មើសច្បាប់នេះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីព្រៃឈើខេត្ត ដឹកនាំការបង្ក្រាប ដោយព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត លោក វង្ស សាវ៉ាត។ លោកថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានរឹងអូសឈើលេខ១ ប្រភេទឈើផ្ចឹក បានចំនួន ១៤៤សន្លឹក ស្មើនឹង៨,៨១៨ម៉ែត្រគូប ឈើទាំងនេះគ្មានច្បាស់នោះទេ ដោយគេសង្ស័យថា ឈ្មួញបានដឹកឈើទាំងនេះ ចេញពីស្រុកសៀមប៉ាង យកមកលាក់ទុកក្នុងស្រះទឹកមួយ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដោយរង់ចាំឱកាសល្អ ឈ្មួញធ្វើសកម្មភាពដឹកបន្ត យកទៅលក់នៅក្រៅរង្វង់ដែនដីខេត្តស្ទឹងត្រែង។ ក្រោយការបង្ក្រាប និងរឹបអូសនោះមក ឈើទាំង ១៤៤សន្លឹក ត្រូវបានដឹកជញ្ជូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ នៃរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

ដោយឡែក នៅក្នុងខេត្តព្រះវិហារ ឯនោះវិញ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាប និងរឹបអូសឈើ នៅក្នុងរោងសិប្បកម្មគ្មានច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិអូរជុញ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៤មិថុនាឆ្នាំ២០២០។ ការបង្ក្រាបឈើនេះ សមត្ថកិច្ចមិនបានប្រាប់ពីចំនួនឈើជាក់លាក់ ដែលដកហូតបាននោះទេ ប៉ុន្តែ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក នួន សុខុម បានប្រាប់អោយដឹងថា ឈើដែលដកហូតបាននោះ មានជាច្រើនប្រភេទ និងច្រើនម៉ែត្រគូប ដោយពុំទាន់បានវាស់វែង ព្រមទាំងដកហូតបានម៉ាស៊ីនកែច្នៃឈើ ថែមទៀត ហើយម្ចាស់សិប្បកម្មនេះ ត្រូវគេស្គាល់ ឈ្មោះ យាយ គម ។

នៅក្រោយការបង្ក្រាប វត្ថុតាងបទល្មើស ទាំងឈើ និងម៉ាស៊ីនកែច្នៃឈើ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីកសាងសំនុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner