នគរបាលប៉ុស្ដិ៍ចាក់អង្រែលើចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១១កញ្ចប់តូច
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើល្បាតពួនស្ទាក់ចាប់បានកាលម៉ោង៤ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចតំបន់សំណង់មិនរៀបរយជាប់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពីបទជួញ ដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងដកថ្នាំញៀនបានចំនួន១១កញ្ចប់តូច។
លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើបានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរាប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើ លោកបានដឹកនាំកម្លាំងនករបាលដោយផ្ទាល់ និងឃាត់បានជនសង្ស័យ២នាក់ដែលជាអ្នកជួញដូរ និងប្រើប្រាស់ ទី១មានឈ្មោះ ទេស កុសល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបមិនពិតប្រាកដ និងទី២មានឈ្មោះ មឿន មិនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបបមិនពិតប្រាកដ អ្នកទាំងពីររស់នៅទីតាំងខាងលើ ។ ជាមួយគ្នានេះដែរ កម្លាំងរបស់លោកបានក៏បានដកហូត ថ្នាំញៀនដែលជាវត្ថុតាងចំនួន១១កញ្ចប់តូចផងដេរ។
លោកនាយប៉ុស្ដិ៍បានបន្តថា មុននឹងបង្ក្រាបបានជនសង្ស័យខាងលើ គឺលោកបានដាក់កម្លាំងប្រចាំការ ក៏ដូចជាល្បាតពូនស្ទាក់ក្នុងមូលដ្ឋាន ហើយក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើដែលកំពុងធ្វើសកម្មភាពជួញដូរជាក់ស្ដែង និងឃាត់ខ្លួនបានតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យខាងលើព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃុំខ្លួនបណ្ដោះអាសន្ន និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំបន្តចាត់ការតាមនីតិវិធី៕