អតីតយុទ្ធជនពិការនៅស្រុកសន្ទុក បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយៈសមាគមអតីតយុទ្ធជន
ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរគុណម្ចាស់ឆ្នោតដែលជាអតីតយុទ្ធជនពិការចំនួន៣០នាក់ ដែលបានទៅបំពេញកាតព្វកិច្ចបោះឆ្នោតអណត្តិទី៦ និងបាននាំអំណោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសរុប មាននូវអង្ករចំនួន៧៥០គីឡូក្រាម មីយើងចំនួន៣០កេស មុងជ្រលក់ថ្នាំចំនួន៣០ និងថវិកាចំនួន៩០០,០០០រៀល និងបានជួយដោះស្រាយមធ្យោបាយធ្វើដំណើរជូនបងប្អូនផងដែរ។
អតីតយុទ្ធជនពិការចំនួន៣០នាក់ តំណាងឲ្យអតីតយុទ្ធជនពិការមកពីឃុំចំនួន០៧ (ឃុំកកោះ ឃុំជ្រាប់ ឃុំតាំងក្រសាំង ឃុំប្រាសាទ ឃុំព្នៅ ឃុំកំពង់ថ្ម និងឃុំត្បូងក្រពើ) នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ពិធីនេះ ប្រព្រឹត្តទៅនៅក្នុងទីបញ្ជាការផ្នែកសឹករងសន្ទុកនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា អតីតយុទ្ធជនពិការ ឬអតីតយុទ្ធជន គឺជា បុគ្គលមានគុណបំណាច់លើប្រទេសជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ នាំយកមកនូវសុខសន្តិភាពជូនប្រជាជនខ្មែរ និងត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា យកចិត្តទុកដាក់ជាករណីពិសេសជាងប្រជាពលរដ្ឋធម្មតា ព្រមទាំងបានផ្តាំផ្ញើឲ្យសមាគមអតីតយុទ្ធជនស្រុកក្រុង រួមទាំងកម្លាំងសមត្ថកិច្ច មើលថែឲ្យបានល្អ ដោយមិនបានបោះបង់ឲ្យនៅឯកកោនោះឡើយ។ ជាពិសេសអតីតយុទ្ធជនគ្រប់រូបនៅក្នុងខេត្តកំពង់ធំ គឺទទួលបានការដោះស្រាយជូនចំពោះគ្រួសារណាដែលជួបនឹងជីវភាពខ្វះខាត។
ក្នុងឱកាសនេះផងដែរ បងប្អូនដែលជាអតីតយុទ្ធជនពិការ មានចិត្តរំភើបក្រៃលែង ពេលដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជួយដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតគ្រប់សព្វបែបយ៉ាង ធ្វើឲ្យពួកគាត់រឹតតែមានជំហររ៉ឹងមាំ និងជឿជាក់លើការដឹកនាំរបស់សម្តេច។ ពួកគាត់យល់ថា បើគ្មានសម្តេចដឹកនាំទេ ក៏គ្មានថ្ងៃនេះដែរ ដូច្នេះដោយបានមើលឃើញនិងភ្នែកពិតប្រាកដ ដែលប្រជាពលរដ្ឋទទួលបានសិទ្ធិសេរីភាពស្មើគ្នា ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍជិត៤០ឆ្នាំ និងប្តេជ្ញាគាំទ្របោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំនាវាសន្តិភាពនេះបន្តទៀត៕