នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលខណ្ឌចំការមនស្រាវជ្រាវតាមចាប់ជនសង្ស័យបាន២នាក់ ក្រោយពីឆក់កាបូបជនជាតិចិននៅសង្កាត់ទន្លេបាសាក់

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា កម្លាំងរបស់លោកបានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន បានបង្ក្រាបជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅផ្លូវលេខ២៩៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកបានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបខាងលើនេះបានធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។

លោកបានបញ្ជាក់ថា ហេតុការណ៍ប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យបានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ឈ្មោះ វេង ម៉េងលាង មុខរបរជាងទង និងម្នាក់ទៀតឈ្មោះ គន្ធា ម៉េងលី ហៅសាល ជាសិស្ស ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ទឹកប៊ិក បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះជាជនជាតិចិន ឈ្មោះ Xu Dong Hui ពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅពេលរូបគេឃើញជនជាតិចិន២នាក់ ដើរនៅតាមផ្លូវដោយមានយួរកាបូប ឃើញដូច្នេះពួកខ្លួនបានជិះម៉ូតូទៅអែប ហើយធ្វើសកម្មភាពឆក់ ពីជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនទៅវត្តទួលទំពូង ដើម្បីពិនិត្យមើលសម្ភារដែលឆក់បាន។ ក្នុងកាបូបដែលខ្លួនឆក់បានមានប្រាក់ចំនួន៧,២០០ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង លិខិតឆ្លងដែន១ក្បាល កាតធនាគារមួយចំនួន និងឯកសារផ្សេងៗ ហើយពួកខ្លួនបានចែកប្រាក់គ្នាបានម្នាក់ ៣,៥០០ដុល្លារ និងយកទូរស័ព្ទទៅលក់បានចំនួន៥០ដុល្លារ ចំណែកឯកសារផ្សេង ពួកខ្លួនបានយកទៅបោះចោលនៅម្ដុំវង្វង់មូលផ្សារដើមថ្កូវ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។

បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner