នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខជនសង្ស័យ២នាក់ ដែលឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៧ករណី មុនបញ្ជូនទៅតុលារការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនករណីក្នុងរាជធានី ហើយត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨  នៅចំណុចមុខខ្លោងទ្វារវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនបាន ទី១-ឈ្មោះ សុខ សី ហៅ វណ្ណ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឈឿន ក្រពុំ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឡែកភស្តុតាងចាប់យកបានរួមមាន ខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ប្រវែង១៥សង់ទីម៉ែត្រ ជារបស់ជនរងគ្រោះ។ លោក ប៊ុត សត្យា បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ គឺជាប់ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៧ករណីផ្សេងទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner