តុលាការសម្រេច ដោះលែង លោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រាះជាតិ ដែលត្រូវតុលាការឃុំខ្លួន​អស់រយៈ​ពេល​ជាង​មួយឆ្នាំ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា​​​ ឆ្នាំ២០១៨នេះ ត្រូវបានដោះលែងមកដល់ផ្ទះ​ក្នុងខណ្ឌទួល​គោ​ក​ហើយ​​​ នាវេលាជិតភ្លឺ។ លោក ចាន់ ចេង មេធាវីការពារសិទ្ធិលោក កឹម សុខា បានបញ្ជាក់ប្រាប់នៅ​មុននេះបន្តិចថា កូនក្តីរបស់លោកបានមកដល់គេហដ្ឋានហើយ នៅក្នុងខណ្ឌទួលគោក នាវេលាជិតភ្លឺនេះ។

លោកមានប្រសាសន៍បញ្ជាក់យ៉ាងខ្លីថា​​​ «ក្រុមគ្រួសារបញ្ជាក់ថា គាត់មកដល់ផ្ទះហើយ។ អ្នកយកទៅ គឺជាអ្នកយកមកវិញ»។លោកមេធាវី ចាន់ ចេន មិនអាចបញ្ជាក់ថា ការដោះលែងពិតជាឲ្យមានសេរីភាពពេញ ឬ​ត្រូវ​បន្តឃុំខ្លួននៅក្នុងផ្ទះឡើយ ដោយសារលោកមិនទាន់បានជួបកូនក្តីផ្ទាល់។

ចំណែកមួយទៀត ដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា លោក កឹម សុខា នឹងត្រូវឃុំខ្លួន​នៅ​គេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាទីដែលកម្លាំងនគរបាលក្រសួង​មហាផ្ទៃ​ចាប់ខ្លួន កាលពីឆ្នាំមុន។

លោក កឹម សុខា អាយុ៦៤ឆ្នាំ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ​ចោទ​ប្រកាន់​ពីបទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ ដែលចែងឲ្យផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី១៥ឆ្នាំ ​ដល់៣០​ឆ្នាំ​ សម្រាប់​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូសរ៉ាយ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោកត្រូវបាន​នគរបាលព្រហ្មទណ្ឌចាប់ខ្លួន កាលពី​ពាក់​កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយត្រូវបានបញ្ជូន​ទៅឃុំខ្លួន​នៅ​ក្នុងពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។

កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ចៅក្រម​​សាលាឧទ្ធរណ៍ ដោយមិនមានវត្តមានលោក កឹម សុខា បានតម្កល់ទុកសេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ពន្យារពេល​ឃុំខ្លួនលោក​រយៈពេល៦ខែទៀត។​ លោក​ កឹម ​សុខា បានស្នើសុំតុលាការឲ្យដោះលែង​នៅ​ក្រៅឃុំ​ជាច្រើនលើក ប៉ុន្តែត្រូវ​បដិសេធ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner