ខេត្តមណ្ឌលគិរីទោះបីខ្ពស់ហើយ តែតំបន់ខ្លះក៏លិចលង់តិចតួចដែរ
មណ្ឌលគិរី៖ តំបន់តូចៗខ្លះនៃស្រុកពីររបស់ខេត្តមណ្ឌលគិរី បានរងការលិចលង់តិចតួចដែរ បើទោះបីជាខេត្តនេះស្ថិតនៅក្នុងតំបន់ខ្ពង់រាប ដែលមានរយៈកំពស់ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ តែកម្រិតនៃការលិចលង់ បានស្រកទៅវិញភ្លាមៗ ។
ក្នុងករណីគ្មានការលិចលង់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ខេត្តមណ្ឌលគិរី ក៏ត្រូវគេរាយការមកថា អភិបាលខេត្ត និងមន្ត្រីចំណុះគ្រប់អង្គភាពបាននឹងកំពុងត្រៀមបង្ការ និងដោះស្រាយឲ្យទាន់ពេលវេលាក្នុងករណីមានជំនន់ទឹកភ្លៀងបន្ថែមទៀត។
តួយ៉ាងលោកអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំណងឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក ដើម្បីត្រៀមកម្លាំងការពារ ទុកជាមុននូវគ្រោះមហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដូចបណ្តាខេត្តផ្សេងៗ។
អភិបាលខេត្តឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ និងផ្ទះសម្បែងមួយចំនួន នៅឃុំចំនួនបី គឺឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក និងឃុំមេម៉ង់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែមិនបណ្តាលឲ្យបាតបង់ដល់អាយុជីវិត និងខូចខាតដល់លំនៅដ្ឋាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ដោយឡែក ស្ថានភាពទឹកដែលឡើងនៅតំបន់ទាំងនោះ គឺមានការស្រកចុះទៅវិញហើយ។
លោកបញ្ជាក់ថា បើទោះបីជានៅតាមឃុំ/ស្រុក ដែលនៅតាមបណ្តោយអូរ ឫទន្លេ ក៏ដូចជាខេត្តទាំងមូល មិនទាន់ជួបបញ្ហាប្រឈមនូវគ្រោះទឹកជំនន់ ដូចបណ្តារាជធានីខេត្តផ្សេងៗក៏ពិតមែន តែយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត ក៏បានត្រៀមកម្លាំងចំនួនពីរក្រុម មានកម្លាំងស្នងការនគរបាលខេត្ត កម្លាំងអធិការស្រុក ប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារចំនួន ៦០នាក់ ប្រចាំការ នៅឃុំណង់ឃីលិក ស្រុកកោះញែក និងកម្លាំងស្នងការនគរបាលខេត្តចំនួន ២០នាក់ កម្លាំងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ចំនួន១០នាក់ ប្រចាំការ ដើម្បីត្រៀមចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីទឹកជំនន់ ដែលអាចកើតឡើង៕ដោយ៖ សាតចាន់បុត្រ




