អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖ រោងម៉ាស៊ីនកិនស្រូវ គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការ សម្រេចគោលដៅនាំចេញអង្ករឲ្យបាន១លានតោន

អត្ថបទដោយ៖
ធី ដា

បាត់ដំបង៖ នៅចំពោះមុខម្ចាស់រោងម៉ាស៊ីនកិនស្រូវ មកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ  នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលពីបណ្ឌិតឧកញ៉ា ភូ ពុយ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នៅក្នុងសភាពាណិជ្ជកម្មខេត្ត ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការចូលរួមសម្រេចគោលដៅនាំចេញអង្ករឲ្យបាន១លានតោន។

ការចូលរួមរបស់ម្ចាស់រោងម៉ាស៊ីននោះ ត្រូវបានឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បញ្ជាក់បន្តថា គឺតាមរយៈការចូលរួមទទួលទិញស្រូវពីប្រជាពលរដ្ឋដែលបានដាំដុះបាន ទៅតាមតម្លៃសមរម្យអាចទទួលយកបាន ធ្វើអោយការផ្គត់ផ្គង់អាចមានស្ថេរភាពគ្រប់គ្រាន់ទៅតាមតម្រូវ និងដល់ការនាំចេញ។ ឯកឧត្តម កៅ ថាច បានលើកឡើងបន្តថា ដើម្បីសម្រេចបានគោលដៅសំខាន់ក្នងការនាំអង្ករចេញទៅក្រៅប្រទេស ពិតណាស់លោក លោកស្រី ជាម្ចាស់រោងម៉ាស៊ីន ត្រូវតែរួមគ្នាជាធ្លុងមួយ ពោលគឺយើងជាម្ចាស់រោងម៉ាស៊ីនទាំងអស់ត្រូវសហការគ្នា ដោយសាមគ្គីភាពតាមរយៈការទទួលទិញស្រូវពីប្រជាកសិករ ឈរលើតំលៃមួយសមរម្យ ដើម្បីជំរុញដល់លំនិងសេដ្ឋកិច្ចរបស់ពួកគាត់ ក៏ដូចជាដើម្បីអោយទីផ្សារស្រូវអង្ករមានតម្លៃថេរ តាមស្តង់ដាជាតិ និងអន្តរជាតិ ពិសេសនោះគឺតម្លៃទីផ្សារក្នុងការនាំចេញទៅប្រទេសចិន និងទៅទីផ្សារនៅប្រទេសអ៊ឺរ៉ុប។

សម្រាប់រដូវប្រមូលផលស្រូវដែលមកដល់ ឯកឧត្តម កៅ ថាច ក៏បានធ្វើការលើកទឹកចិត្ត និងបន្តជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ ពីលទ្ធភាពក្នុងតំលៃសមរម្យ ទោះបីគុណភាពស្រូវល្អ ឬមិនសូវល្អ ជាពិសេសស្រូវដែលទទួលរងការលិចទឹក ដោយសារជំនន់ទឹកភ្លៀង។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្ត ពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលមូលនិធិពិសេសបន្ថែមចំនួន៣០លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទាន ដល់ម្ចាស់រោងម៉ាស៊ីន ធ្វើការប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលខាងមុខនេះ។

ឯកឧត្តម កៅ ថាច លើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនទាំងអស់ នៅពេលខ្វះថវិកាទិញស្រូវ អាចធ្វើការស្នើសុំឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន គ្រាន់តែបំពេញតាមលក្ខខណ្ឌ គុណវុឌ្ឍិរបស់ធនាគារតែប៉ណ្ណោះ។ ឯកឧត្តម អគ្គនាយក បានជំរុញអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ រៀបចំបញ្ជីស្នាម អោយមានស្ដង់ដារ និងមានគណនេយ្យភាព។ ហេតុនេះ ឯកឧត្តម បានស្នើសុំឲ្យក្រុមហ៊ុនបញ្ជី ធ្វើបទបង្ហាញពីចំណុចសំខាន់ៗ និងលក្ខខណ្ឌផ្សេងៗ ដើម្បីផ្តល់ជាព័ត៌មាន ដល់ម្ចាស់រោងម៉ាស៊ីនផងដែរ។ ឯកឧត្តម កៅ ថាច បានជំរុញនិងលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីន គួរប្រើប្រាស់កម្មវិធីកត់ត្រាគណនេយ្យ របស់ក្រុមហ៊ុនបញ្ជី ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ដែលជឿទុកចិត្តបាន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner