អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្តេជ្ញាបង្កើតការប្រកួតកីឡាវាយកូនពានរង្វាន់សម្តេច ក្រឡាហោម ស ខេងឲ្យមានជារៀងរាល់ឆ្នាំឡើងវិញ បន្ទាប់ពីខកខានរៀបចំជាច្រើនឆ្នាំ
ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង ទីព្រឹក្សាផ្ទាល់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជា អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តថា និងបន្តរៀបចំការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង ឲ្យកាន់តែធំជាងនេះ សម្រាប់លើកទី៤នៅក្នុងឆ្នាំ២០២១ ហើយ ក៍បន្តរក្សារៀបចំឲ្យមានពានរង្វាន់មួយនេះជារៀងរាល់ឆ្នាំឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណជា៥ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១៥មក។

អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងលើកឡើង នៅក្នុងពិធីបិទការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់សម្តេច ក្រឡាហោម ស ខេងលើកទី៣ កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅទីលានកីឡាសហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡាដ្ឋានជាតិ។

ឯកឧត្តម បណ្ឌិត បញ្ចាក់ទៀតថា ការបង្កើតឲ្យមានព្រឹត្តិការណ៍មួយនេះឡើងវិញនោះ គឺ ដើម្បីឆ្លើយតបទៅនឹងសូមណូមពរស្នើរសុំរបស់មហាជនដែលជាអ្នកជាអ្នកស្នេហាវិស័យកីឡាវាយកូនបាល់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពិសេស ដើម្បីជាការដឹងគុណ និងថ្លែងអំណរគុណដល់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដែល លោក យកចិត្តទុកដាក់គាំទ្រឧបត្ថម្ភគ្រប់ប្រភេទកីឡារបស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះ ឯក ឧត្តម បណ្ឌិត ក៍បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភគាំទ្រធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយជោគជ័យ ហើយ ឯកឧត្តម បានចាត់ទុក ការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជន ជាថាមពលដ៍ខ្លាំងក្លា ដើម្បីជម្រុញ និងអភិវឌ្ឃកីឡាវាយកូនបាល់ឲ្យកាន់តែមានសន្ទុះជឿនលឿន និងខ្លាំងក្លាបន្ថែមទៀត។ ជាពិសេស ជួយជម្រុញដាស់តឿនស្មារតីលើកទឹកចិត្តកីឡាករការិនីឲ្យមានភាពស្វាហាប់ និងការប្រកួតប្រជែងខ្ពស់ ដើម្បីប្រណាំងប្រកួតប្រជែងក្នុងការដណ្តើមជ័យលាភីជូនជាតិមាតុភូមិ។

សូមបញ្ជាក់ថា អង្គភាពកីឡាក្រសួងមហាផ្ទៃ បានបង្កើតពានរង្វាន់វាយកូនបាល់ សម្ដេច ក្រឡាហោម ស ខេង ជា លើក ទី៣ ក្នុង ឆ្នាំ ២០២០ នេះ មាន រយៈ ពេល ៣ ថ្ងៃ ចាប់ ពី ថ្ងៃ ទី១៦ ដល់ ១៨ ខែតុលា ឆ្នាំ២០២០ សរុប៨៥នាក់ ប្រកួត លើ៥ វិញ្ញាសា ក្នុងនោះចំនួនប្រទេស ចូលរួម សរុប១១ ប្រទេសមានកម្ពុជា បារាំង អាមេរិក អាឡឺម៉ង់ ចិន កូរ៉េ ជប៉ុន ហ្វីលីពីន ឥណ្ឌា ស្រីលង្កា និងវៀតណាម ចំពោះបរទេសចូលរួមទាំងនោះ មិនមែនជាអ្នកក្រៅប្រទេសទេ ពួកគេសុទ្ធជាមន្រ្តីស្ថានទូតដែលធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕