ប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWTអះអាងថា ប្រភេទកីឡាតេក្វាន់ដូWT ឆ្នាំ២០២១ និង បញ្ចូលក្នុងកម្មវិធីសិក្សា ក្នុងគ្រឹះស្ថានសិក្សា
ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT បានប្រកាសថា សហព័ន្ធ និងបញ្ជូលកីឡាតេក្វាន់ WTទៅក្នុងកម្មវីធីសិក្សាតាមគ្រឹះស្ថានសិក្សានៅឆ្នាំ២០២១ ដើម្បីពង្រឹងអភិវឌ្ឍកីឡាមួយនេះឲ្យមានសក្តានុពលក្នុងត្រៀមប្រជែងដណ្តើមបានមេដាយជូនកម្ពុជានៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការថ្លែងបញ្ជាក់ របស់ប្រធានសហព័ន្ធបែបនេះ ក្នុងឱកាសដែល លោក អញ្ជើញចូលរួមនៅក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូWTជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីថ្ងៃម្សិលមិញ នៅអាគារដំបូលទូកក្នុងពហុកីឡាដ្ឋានជាតិ។

ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន អះអាងថា ក្រៅពីការដាក់បញ្ជូលកីឡាតេក្វាន់ដូ WTទៅក្នុងកម្មវិធីសិក្សានៅឆ្នាំ២០២១ យើងក៍លើកទឹកឲ្យបញ្ចូលក្នុងកម្រិតឧត្តមសិក្សាទៀត ជាពិសេសគឺក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធតេក្វាន់ដូនឹងបង្កើតបរិញ្ញាបត្រតេក្វាន់ដូលើកដំបូង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលត្រូវសិក្សារយៈពេល៤ឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យប្អូនៗក្មួយៗដែលជាជម្រើសជាតិក្តី និងជាម្ចាស់ជ័យលាភីក្តីអាចចាប់យកជាអាជីព និងឈានទៅចាប់យកថ្នាក់បរិញ្ញាប័ត្រតេក្វាន់ដូក្លាយជាក្របខណ្ឌមន្រ្តីរាជការផងដែរ។

ឯកឧត្តមបណ្ឌិត ប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាត់ទុកថា ការប្រកួតជើងឯកថ្នាក់ជាតិកីឡាតេក្វាន់ដូ WT ឆ្នាំ២០២០នេះ គឺជាការត្រៀមខ្លួន ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បណ្តាក្លិបតេក្វាន់ដូ WT ទាំងអស់ ដែលបានចូលរួមប្រកួត ទោះបីឆ្នាំ២០២០មានចំនួនតិចជាងឆ្នាំ២០១៩ក្តី ដោយសាតែវិបត្តិជំងឺកូវិដ១៩ ប៉ុន្តែវានៅតែបង្ហាញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោយមិនទម្លាក់ដៃ។ ទន្ទឹមនេះដែរ ប្រធានសហព័ន្ធក៍បានស្មើរសុំឲ្យកីឡាករការិនី និងប្រតិភូតាមបណ្តាក្លិបបញ្ជ្រាបការផ្សព្វផ្សាយដល់យុវជនទូទាំងប្រទេសឲ្យចូលរួមលេងកីឡាដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន។ ចំពោះសកម្មភាពរបស់ក្លិបនានា រួមទាំងសហព័ន្ធកំពុងបង្កើនគោលដៅឲ្យប្រភេទកីឡាជំនាញមួយនេះបន្តសក្តានុពលលើផ្នែកបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះមានកីឡាករ-កីឡាការិនីចំនួន៩០នាក់ក្នុងនោះកីឡាការិនីចំនួន៤១ ចំណែកប្រតិភូចំនួន២៩នាក់សរុបចំនួន ១១៩នាក់មកពីក្លិបចំនួន២៩ដោយមានវិញ្ញាសាចំនួន១៧នោះបែងចែកចេញ ជា២ផ្នែកធំៗគឺវិញ្ញាសាមេគុន និងវិញ្ញាសាប្រយុទ្ធ៕