លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន កំពុងបង្កើនការឃោសនារៀងៗខ្លួន ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកកាន់តែខិតជិតមកដល់
អាមេរិក៖ លោក ដូណាល់ ត្រាំ និងដៃគូប្រកួតប្រជែងលោក ចូ បៃដិន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើដំណើរទៅដល់បណ្ដារដ្ឋមួយចំនួន ដែលនឹងសម្រេចជោគ វាសនាលើការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃ១៩ ខែតុលា ឆ្នាំ២០២០ ។
រហូតមកទល់ពេលនេះ យុទ្ធនាការបោះឆ្នោតរបស់បេក្ខជនទាំងពីរកំពុងប្រែជាតានតឹងខ្លាំងឡើងៗ ដោយសារនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះពីថ្ងៃបោះឆ្នោត ។ លោក ដូណាល់ ត្រាំ និងដៃគូប្រកួតប្រជែងលោក ចូ បៃដិន កំពុងរៀបចំមូលដ្ឋាននយោបាយរៀងៗខ្លួន និងអំពាវនាវដល់ពលរដ្ឋមួយចំនួនតូច ដែលមិនទាន់បានសំរេចចិត្តក្នុងការបោះឆ្នោត ឲ្យងាកត្រលប់មកចូលរួមក្នុងការបោះឆ្នោតខាងមុខនេះវិញ ។
សូមជម្រាបថា វាជាឱកាសដ៏សំខាន់មួយនឹងត្រូវកើតឡើងនៅក្នុងសប្តាហ៍នេះ ជាមួយនឹងការជជែកដេញដោលចុងក្រោយរបស់បេក្ខជនទាំងពីរ តាមរយៈបណ្ដាញទូរទស្សន៍នាល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុង ណាសវីល រដ្ឋ ធិនណេសស៊ី ៕