ក្រុមជួយសង្គ្រោះនៅតែបន្ត ក្នុងខណ្ឌដង្កោ
ប្រតិបត្តិការក្រុមសង្គ្រោះនៅតែបន្តក្នុងខណ្ឌលិចទឹកនៅរាជធានីបើទោះបីជាស្ថានការណ៍ទឹកបានស្រកចុះគួរឲ្យ កត់សម្គាល់ក៏ដោយ។ កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១នៃកងពលតូចលេខ៧០ ត្រូវគេ ឃើញបានស្ថិតជាមួយក្រុមសង្គ្រោះដទៃទៀតនៃបេសកកម្មបន្តជួយពលរដ្ឋរងគ្រោះនៅក្នុងខណ្ឌដង្កោ។



ការជួយសង្គ្រោះដល់ពលរដ្ឋរងទឹកជំនន់ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ បានឈានដល់ថ្ងៃទី៦ហើយ។ ក្រុម សង្គ្រោះពីអង្គភាពនានា បានស្ថិតតាមគោលដៅនៃការជួយសង្គ្រោះ ក្នុងនោះរួមមាន កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១នៃកងពលតូចអន្តរាគមន៍លេខ៧០ផង ដែរ ។
ប្រជាពលរដ្ឋដែលជាអ្នករស់នៅក្នុងបុរី VIP ក្បែរផ្សារព្រែកជ្រៃ ក្នុងខណ្ឌដង្កោ ដែលកំពុងធ្វើដំណើរតាមទូក សង្គ្រោះ បានប្រាប់អប្សរាណិតជុំវិញការយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋពីរាជរដ្ឋាភិបាល ។
ខណ្ឌដង្កោបានរងការលិចដោយជំនន់ទឹកភ្លៀងនិងការធ្លាយទំនប់ព្រែកត្នោតតាំងពីយប់ថ្ងៃទី១៤តុលាឆ្នាំ ២០២០។ កងកម្លាំងចម្រុះ ត្រូវរាជរដ្ឋាភិបាលបានបញ្ជួនពីអង្គភាពផ្សេងៗដើម្បីការជួយសង្គ្រោះពលរដ្ឋច្រើន ពាន់គ្រួសារដែលទឹកជំនន់ បានហូរចូលមកក្នុងភូមិបណ្តាលឲ្យលិចលង់។ ក្នុងចំណោមកងកម្លាំងពីអង្គភាព ផ្សេងៗទាំងនោះ រួមមានកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១នៃកងពលតូចលេខ៧០ផង ដែរ ។ មេបញ្ជាការរងកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១នៃកងពលតូចលេខ៧០ លោក អនុសេ នីយ៍ឯក ឡូត ចាន់រិទ្ធ បានថ្លែងរៀបរាប់ពីការជួយសង្គ្រោះពលរដ្ឋដែលរងទឹកជំនន់ និងការជួបឧប សគ្គផ្សេងៗដូចជាការស្វែងរកពលរដ្ឋខ្លះដែលប្រកែកមិនព្រមចាកចេញពីទីលំនៅដ្ឋានលិចទឹករបស់ខ្លួន នោះ ផងដែរ។
កំលាំងជួយសង្គ្រោះនៃអង្គភាព៧១១ ត្រូវគេឃើញមានចំនួន ១៧៥ នាក់, អូប័រសង្គ្រោះ ចំនួន១០ គ្រឿង, រថ យន្តដឹកជញ្ជួនច្រើនសិបគ្រឿងរួមនឹងរថយន្តពេទ្យសង្គ្រោះ ជាមួយនឹងការត្រៀមលក្ខណៈនូវការដឹកជញ្ជូន គ្រឿងឧបភោគបរិភោគដើម្បីចែកជួនពលរដ្ឋរងគ្រោះផងដែរ។ យោងតាមអង្គភាពសង្គ្រោះ៧១១ ការជួយ សង្គ្រោះសរុបរបស់កងកម្លាំងមានចំនួន ១ពាន់៦៩ ជើង ដែលបានជួយពលរដ្ឋចំនួន៥ពាន់៤៤១ នាក់។