លោក សុក ចាន់ថា ត្រូវបានប្រកាសតែងតាំងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងលោក សុក ចាន់ថា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជំនួសលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលត្រូវបានផ្ទេរភារៈកិច្ចទៅបម្រើការងារនៅក្រសួង ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា៖ ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាពេលនេះ គឺជាកិច្ចការចាំបាច់មួយក្នុងពេលដែលលោក គឹម សុវណ្ណ អតីតប្រធានមន្ទីរត្រូវបានផ្ទេរភារៈកិច្ចទៅបម្រើការងារនៅក្រសួង ដើម្បីបន្តការងារដឹកនាំ និងបន្តនិរន្តភាពការងារក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ។ ឯកឧត្តម បានសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការ និងកាន់តែរឹងមាំបន្ថែមទៀត ដោយមានលំអានល្អពីប្រធានមន្ទីរចាស់ និងខិតខំធ្វើយ៉ាងណាអោយវិស័យសាធារណៈការ និងដឹកជញ្ជូនខេត្ត កាន់តែមានការរីកចម្រើន សាមគ្គីភាពផ្ទៃក្នុងកាន់តែទូលំទូលាយ និងមានអធ្យាស្រ័យចេះជួយរ៉ែកពុនការងារគ្នា។
ជាពិសេសបង្កើនការជឿជាក់លើវិស័យសាធារណៈការ និងដឹកជញ្ជូនប្រកបដោយគុណភាពខ្ពស់។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា៖ក្រោយពេលទទួលភារកិច្ចហើយត្រូវខិតខំ ប្រឹងប្រែងសហការគ្នាល្អជាមួយមន្ត្រីក្រោមឱវាទ និងមន្ទីស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋ និងសង្គមអោយបានល្អ។
ឯកឧត្តម បានមានប្រសាសន៍ ផ្តាំផ្ញើដល់មន្ត្រីជំនាញត្រូវ អនុវត្តន៍ការងារបម្រើអោយប្រជាពលរដ្ឋ និងសង្គម អោយមានជំនឿទុកចិត្តហើយធ្វើការងារអោយទាន់ពេលវាលានិងត្រូវខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាដែលកើតមាននៅពេលអនុវត្តផងដែរ។ បន្ទាប់ពីការប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរនាថ្ងៃនេះ សង្ឃឹមថាលោកប្រធានមន្ទីរថ្មី និងខិតខំកិច្ចសហការល្អជាមួយមន្ត្រីក្រោមឪវាទកាន់តែល្អ កាន់តែរឹងមាំ និងខិតខំយ៉ាងណាឲ្យវិស័យសាធារណៈការ និងដឹកជញ្ជូានកាន់តែរឹងមាំ និងខិតខំធ្វើយ៉ាងណាឲ្យវិស័យសាធារណៈការ និងដឹកជញ្ជូានកាន់តែមានភាពរីកចម្រើន ស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងកាន់តែទូលំទូលាយ មានអធ្យាស្រ័យ ចេះជួយរែកពុន ការងារគ្នាព្រោះវិស័យនេះជាវិស័យមួយដែលមានភារកិច្ចសំខាន់ៗជាច្រើន ដូចដែលប្រមុខរាជរដ្ឋាភិបាលតែងតែលើកឡើងថា មានផ្លូវ មានក្តីសង្ឃឹម៕ ដោយ៖ ឃិន គន្ធា