ប្រាសាទអំបែងនំ ដែលមនុស្សភាគច្រើនប្រាកដជាមិន​ធ្លាប់បានទៅ ឬក៏មិនដែលធ្លាប់ឮសោះក៏មាន!

ប្រាសាទអំបែងនំ មានទីតាំងស្ថិតនៅភូមិព្រិច ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចម្ងាយពីទីរួមខេត្ត​កំពង់ធំ ទៅតាមផ្លូវស្ទោងប្រមាណជាង ១០០គីឡូម៉ែត្រ, ភាគឦសានទីប្រជុំជន ឃុំសាគ្រាម ប្រមាណ ៤គីឡូម៉ែត្រ ហើយស្ថិតនៅក្នុងព្រៃក្រាស់មួយកន្លែង។

ដើម្បីធ្វើដំណើរទៅប្រាសាទនេះបាន គេអាចធ្វើដំណើរ​​បានតាមម៉ូតូប៉ុណ្ណោះ ព្រោះចាំបាច់ត្រូវឆ្លងស្ទឹងមួយ (ស្ទឹងស្ទោង) តែពុំមានស្ពានសម្រាប់រថយន្តឆ្លងទេ គឺស្ពានតូចឆ្លងបានត្រឹមតែម៉ូតូប៉ុណ្ណោះ។ បន្ទាប់មក គឺត្រូវជិះម៉ូតូកាត់ភូមិអ្នកស្រុក រហូតបន្តចូលព្រៃ។ បន្ទាប់មកទៀតត្រូវទុកម៉ូតូនៅផ្លូវមួយអន្លើ ហើយត្រូវបន្តដំណើរដោយថ្មើរជើងចូលក្នុងព្រៃជ្រៅ ។ ការចូលទៅទស្សនា​ប្រាសាទនេះ ប្រសិនបើលោកអ្នកមិនដែលទៅ ចាំបាច់ត្រូវរកមគ្គទេសក៍នាំផ្លូវម្នាក់ បើមិនដូច្នោះទេ លោកអ្នកអាចនឹងវង្វេងព្រៃក៏ថាបាន។

តើហេតុអ្វីបានជាអ្នកស្រុកហៅប្រាសាទនេះថា អំបែងនំ? ប៉ុន្តែ មគ្គទេសក៍ម្នាក់ដែលជូនផ្លូវខ្ញុំដែលជាអ្នកស្រុកមូលដ្ឋានស្រាប់ បានរៀបរាប់រឿងព្រេងមួយដែលគាត់ធ្លាប់ស្តាប់ចាស់ៗដំណាល តែគាត់នៅចាំតិចតួច ប្រាប់មកខ្ញុំថា៖ “មានសេដ្ឋីម្នាក់ មានទ្រព្យស្តុកស្ដម្ភណាស់ តែមិនមានអំបែង……….”។ តាមស្តាប់រឿងខ្លីនេះ ខ្ញុំគិតថារឿងព្រេងនេះវាអាចស្រដៀង ឬចេញពីរឿងព្រេងមួយនៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ៣ ទំព័រ១៤៥-១៤៨ ដែលមានចំណងជើងថា “ខ្ចីដឹងសងដឹង ខ្ចីអំបែងសងអំបែង” ដែលដំណាលពី “បុរសម្នាក់ទៅខ្ចីដឹងសេដ្ឋីដើម្បីកាប់អុសក្នុងព្រៃ តែគាត់បានធ្វើឲ្យដឹងនោះបាត់ ក៏រត់ទៅប្រាប់សេដ្ឋី និងអង្វរកសុំសេដ្ឋីសងថ្មី តែសេដ្ឋីមិនព្រមយក រហូតដល់បុរសនោះយកកូនកំលោះខ្លួនទៅបម្រើ សេដ្ឋីនោះក៏យល់ព្រម។ ជួនជាថ្ងៃមួយ កូនក្រមុំសេដ្ឋីចង់ហូបអំបុក តែសេដ្ឋីនោះមិនមានអំបែងសម្រាប់លីងអំបុក ក៏ទៅខ្ចីបុរសនោះ តែចៃដន្យកមានឆ្កែប្រខាំគ្នាពារលើធ្វើឲ្យអំបែងនោះបែក ក៏ទៅប្រាប់បុរសនោះសុំសងជាអំបែងថ្មីមួយឬពីរវិញ តែបុរសនោះមិនយល់ព្រម។ សេដ្ឋីក៏រត់ទៅប្តឹងចៅក្រមជួយកាត់ក្តី ហើយចៅក្រមបានឲ្យសេដ្ឋីនោះសងជាអំបែងថ្មីវិញ តែបុរសនោះនៅតែមិនព្រមយក ក៏ទៅទូលព្រះមហាក្សត្រកាត់ក្តីបន្ត។ ព្រះមហាក្សត្រទ្រង់គិតថា សេដ្ឋីនិងបុរសនោះប្រាកដជាមានការថ្នាំងថ្នាក់នឹងគ្នាពីមុនមករឿងអ្វីមួយហើយ ទើបបានជារឿងតូចតាចសោះចរចាមិនត្រូវគ្នា។ លុះទ្រង់សួរដឹងរឿងហេតុរួចមក ព្រះមហាក្សត្រក៏សម្រេចកាត់ក្តីឲ្យសេដ្ឋីនោះប្រគល់កូនក្រមុំខ្លួនទៅបម្រើបុរសនោះវិញ”។

អ្នកស្រុកខ្លះទៀតក៏និយាយថា “កាលពីមុនគេហៅប្រាសាទនេះថា ប្រាសាទអំបែង ហើយក្រោយមកក៏ហៅថា​ ប្រាសាទនេះថា អំបែងនំ ព្រោះគាត់យល់ថា ប្រាសាទនេះជាប់ទាក់ទងនឹងជំនឿនៃការបន់ស្រន់សុំអំបែងចាន ឬអំបែងឆ្នាំង……”។

ប្រភពមកពី ទំព័រ Facebook កម្ពុជា ដែនដីសុវណ្ណភូមិ – Cambodia Golden Territory

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner