នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ សត្វព្រៃចំនួន ១៣ ប្រភេទសំខាន់ៗ ដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

តំបន់ព្រៃការពារសីមា ត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃកែវសីមា នៅខែឧសភាឆ្នាំ២០១៦ ស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។ ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ នៅក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត។ ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែង ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ វាជាមោទកភាពដែលកម្ពុជា សម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទ ដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួនដែលបាននិងកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុត របស់ពិភពលោក ត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមសហការគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាននិងអង្គការសមាគម អភិរក្សសត្វព្រៃកម្ពុជា បានធ្វើការអង្កេតតាមដានសត្វព្រៃដែលផ្តោតទៅលើចំនួន និងរបាយសត្វព្រៃចំនួន ១៣ ប្រភេទសំខាន់ៗដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ស្ថានភាព នៃប្រភេទសត្វទាំងនោះរួមមាន៖

ឈ្មោះសត្វព្រៃ         ស្ថានភាពសកល       ស្ថានភាពកែវសីមា     ចំនួនក្រុម

១)ស្វាកន្ទុយស          ថយចុះ                   ស្ថេរភាព                  ៦៧៥៦ ក្រុម

២)ទោចថ្ពាល់លឿង    ថយចុះ                   ស្ថេរភាព                  ៦៦៩ ក្រុម

៣)ស្វាព្រាម              ថយចុះ                   ថយចុះ                    ៣៦៤ ក្រុម

៤)ស្វាក្តាម               ថយចុះ                    ស្ថេរភាព                  ៤២៤ ក្រុម

៥)ស្វាត្រោស            ថយចុះ                    កើនឡើង                 ១៤៨៣ ក្រុម

៦)ស្វាអង្កត់              ថយចុះ                    ថយចុះ                    ៥៦ ក្រុម

៧)ក្ងោក                  ថយចុះ                    កើនឡើង                 ៩៦៦ ក្រុម

៨)ជ្រូកព្រៃ               ស្ថេរភាព                  ស្ថេរភាព                  ១១៦២ ក្រុម

៩)ឈ្លូស                 ថយចុះ                    ថយចុះ                    ៧៣២ ក្រុម

១០)ទន្សោង             ថយចុះ                    ថយចុះ

១១)ខ្ទីង                  ថយចុះ                    ថយចុះ

១២)រមាំង                ថយចុះ                    ថយចុះ

១៣)ប្រើស              ថយចុះ                    ថយចុះ

ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាសូមប្រកាសថា បច្ចុប្បន្ន ក្តីបារម្ភរបស់ ក្រុមអភិរក្សអំពីការវិនាសផុតពូជនៃប្រភេទសត្វពានរបានថយចុះ ដោយសារតែចំនួនប្រភេទពពួក ពានរ ៣ ប្រភេទរួមមានស្វាកន្ទុយស ទោចថ្ពាល់លឿង និងស្វាក្តាម និងជ្រូកព្រៃមានចំនួនថេរ និងចំនួនពានរមួយប្រភេទទៀតគឺស្វាត្រោសកំពុងមានការកើនឡើង សត្វក្ងោកមានចំនួនកើនឡើង។ ពពួកពានរទាំងនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ផ្សេងគ្នារួមមាន ប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ និងជាប្រភេទកំពុងទទួលរងការគំរាមកំហែង។

សត្វព្រៃទាំងនេះគឺជាសម្បត្តិធម្មជាតិដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជានិងមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះរបស់ពិភពលោក។ ក្រសួងបរិស្ថានសូមជំរុញឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធរួមមានមន្ត្រីឧទ្យានុរក្ស អង្គការដៃគូនិង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សានិងការពារអភិរក្សសត្វព្រៃកម្រទាំងអស់នេះឱ្យបាន ជាពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសកាប់បំផ្លិចបំផ្លាញព្រៃឈើ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ដែលសកម្មភាពទាំងនេះបានបំផ្លិចបំផ្លាញជម្រកដ៏សុខសាន្តរបស់សត្វព្រៃ និងជីវៈចម្រុះ ផ្សេងទៀត។ ការការពារបានព្រៃឈើ មិនត្រឹមការពារបានប្រព័ន្ធអេកូឡូស៊ីទេ តែយើងអាចលក់ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការងារអភិរក្សនិងអភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់ប្រភេទនឹងផ្តល់ចំណូលតាមរយៈទេសចរណ៍ធម្មជាតិ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមបានអរគុណដល់អង្គការដៃគូដែលបានចូលរួមសហការ និងផ្តល់បច្ចេកទេសក្នុងការពង្រឹងកិច្ចការអភិរក្សនេះឱ្យបានជោគជ័យ៕ អត្ថបទ៖ ក្រសួងបរិស្ថាន

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner