ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ទទួលបានអំណោយមានតម្លៃរាប់សិបម៉ឺនដុល្លារពីក្រុមហ៊ុន ទ្រូម៉ាន់នី
បន្ទាយមានជ័យ៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំបផុតមួយនៅកម្ពុជា បានចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃវិភាគទាន និងការបរិច្ចាគជារួម ផ្ដោតលើការជួយដល់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតទូទាំងប្រទេសដោយសារទឹកជំនន់ ។
បុគ្គលិកចំនួនជាង១០នាក់របស់ក្រុមហ៊ុនទ្រូម៉ាន់នី បានបរិច្ចាគគ្រឿងឧបភោគបរិភោគ ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយអំណោយទាំងអស់នោះរួមមាន អង្ករ សៀង ទឹកសុទ្ធ ទឹកស៊ីអ៊ីវ មី និងត្រីខកំប៉ុងជាដើម ។

អំឡុងពិធីប្រគល់អំណោយជូនអាជ្ញាធរមូលដ្ឋាន ស្រុកថ្មពួក លោក សុវ៉ាត ដារីយេវិច ដែលជានាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នីមានប្រសាសន៍ថា ក្រុមហ៊ុន ទ្រូម៉ាន់នី មានមោទនភាព ក្នុងការជួយដល់ជនរួមជាតិកម្ពុជាគ្រប់ពេលដែលពួកគាត់ត្រូវការពួកយើង មិនថានៅទីកន្លែងណានោះទេ ។ ក្នុងពេលវេលាដ៏លំបាកបែបនេះ យើងមានបំណងបញ្ជាក់ឲ្យអ្នកដែលទទួលរងផលប៉ះពាល់បានឃើញថា យើងតែងតែជួយគាំទ្រដល់ពួកគាត់ជានិច្ច ដូច្នេះហើយទើបបានជាយើង រៀបចំកម្មវិធីនាថ្ងៃនេះ ។ ប្រជាពលរដ្ឋរាប់រយគ្រួសារដែលត្រូវបានជម្លៀសពីលំនៅដ្ឋានដោយសារទឹកជំនន់បានចូលរួមក្នុងការប្រគល់អំណោយនេះ ។
លោក យេវិច បន្ថែមថា បើទោះបីជាក្រុមការងាររបស់យើងមានវត្តមានតិចតួចនៅថ្ងៃនេះក្ដី ប៉ុន្តែបុគ្គលិក និងភ្នាក់ងាររបស់យើងរាប់ពាន់នាក់បានផ្ដាំផ្ញើនូវក្ដីបារម្ភ និងការបួងសួងជូនពរសព្វសាធុការដល់ជនរងគ្រោះទាំងអស់ ។ ទាំងអស់នេះគឺជាអំណោយពីសំណាក់បុគ្គលិក និងភ្នាក់ងាររបស់ទ្រូម៉ាន់នីទាំងអស់ ។ យើងសង្ឃឹមថា អំណោយទាំងនេះនឹងបានរួមចំណែកខ្លះៗ ស្របពេលដែលប្រជាជនយើងកំពុងប្រឈមនឹងការលំបាក ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនាពេលនេះ ។ ជំនួយរបស់ក្រុមហ៊ុនទ្រូម៉ាន់នីដល់ក្រុមគ្រួសាររងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺជាចំណែកមួយនៃជំនួយរបស់ខ្លួន ដែលក្រុមហ៊ុនកំពុងផ្ដល់ជូនជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃខាងមុខទៀត ។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុនយើងខ្ញុំសូមចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋរួមជាតិកម្ពុជា ក្នុងគ្រាលំបាកបែបនេះ ដូច្នេះហើយ ទើបយើងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត ។ ចាប់តាំងពីក្រុមហ៊ុនបានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុនៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា ៕