សហភាពអឺរ៉ុបកំពុងពិចារណាពីលទ្ធភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីធ្វើឱ្យចិនបោះបង់ផែនការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង

ប៊ែលហ្ស៊ិក៖ សភាសហភាពអឺរ៉ុបបានលើកឡើងថា អឺរ៉ុបគួរតែប្ដឹងចិនឡើងតុលា ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ បើសិនទីក្រុងប៉េកាំងដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។

នៅក្នុងដំណោះស្រាយមួយ សភាអឺរ៉ុបបានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦៥ ជំទាស់៣៤សំឡេង និងអនុប្បវាទ៦២សំឡេង ដើម្បីប្រឆាំងជំទាស់នឹងច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ដែលអឺរ៉ុប អូស្រ្តាលី និងសហរដ្ឋអាមេរិកចាត់ទុកថា នឹងបំផ្លាញដល់ស្វ័យភាពក្រុងហុងកុង ព្រមទាំងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ។

ជាការឆ្លើយតបវិញនោះ ទាំងប្រទេសចិន និងរដ្ឋាភិបាលទីក្រុងហុងកុងបានច្រានចោលការព្រួយបារម្ភខាងលើនេះ ដោយអះអាងថា ច្បាប់សន្តិសុខជាតិនេះ នឹងមិនបង្កផលប៉ះពាល់អ្វីទាំងអស់ ហើយមានតែជួយពង្រឹងសន្តិសុខ និងសណ្ដាប់ ធ្នាប់ទីក្រុងហុងកុងទៅវិញទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner