ឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ខណៈប្រទេសមួយចំនួនប្រើប្រាស់ដើម្បីប្រយុទ្ធនឹង COVID-19
ឥណ្ឌា៖ អាជ្ញាធរគ្រប់គ្រងការនាំចេញរបស់ឥណ្ឌាប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ចាប់ពីពេលនេះតទៅ គឺអាចធ្វើការនាំចេញដោយសេរីដូចដើមវិញហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។
ការដកបំរាមនាំចេញថ្នាំប្រភេទនេះរបស់ឥណ្ឌា បានកើតមានឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានប្រកាសថា ថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន មិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដើម្បីទប់ទល់នឹងមេរោគ COVID-19 នោះឡើយ ។
ទោះយ៉ាងណាក៏ដោយ ថ្នាំប្រភេទនេះត្រូវបានប្រទេសមួយចំនួនប្រើប្រាស់ ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា ដោយបានទទួលប្រសិទ្ធភាពទៅតាមកម្រិតនៃជំងឺ ក្នុងនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានប្រើប្រាស់ថ្នាំនេះជាប្រចាំ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងជម្ងឺ COVID-19 ផងដែរ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ក្រោយក្រុមជំនាញវេជ្ជសាស្ត្រអាមេរិកព្រមាន ៕