អ្នកជំនាញជំងឺឆ្លងអាមេរិកមានសុទិដ្ឋិនិយមថា ពិភពលោកនឹងមានវ៉ាក់សាំង COVID-19 ឆាប់ៗ ដែលនឹងបិទបញ្ចប់ជំងឺរាតត្បាតសកលមួយនេះ
សហរដ្ឋអាមេរិក៖ អ្នកជំនាញជំងឺឆ្លងជាន់ខ្ពស់អាមេរិកលោក អាន់ថូនី ហ្វូស៊ី និយាយថា រូបលោកគិតថា យើងកំពុងនាំគ្នានិយាយពីការប្រឹងប្រែងគ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេស ដែលកំពុងមានករណីឆ្លងកើនឡើង ហើយលោកក៏មានសុទិដ្ឋិនិយមដែរថា ពិភពលោកនឹងមានវ៉ាក់សាំង COVID-19 ឆាប់ៗ ដែលនឹងបិទបញ្ចប់ជំងឺរាតត្បាតសកលមួយនេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក អាន់ថូនី ហ្វូស៊ី បានអះអាងដែរថា សហរដ្ឋអាមេរិកមិនត្រូវការអនុវត្តវិធានការបិទប្រទេសជាថ្មី ដើម្បីធ្វើឱ្យការឆ្លងរាតត្បាតជម្ងឺ COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងនោះទេ ទោះបីជាអត្រាឆ្លងប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់ក៏ដោយ ។
ការកត់សម្គាល់បែបនេះរបស់លោក អាន់ថូនី ហ្វូស៊ី ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី១ ជាប្រទេសមានករណីឆ្លង និងស្លាប់ដោយ សារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប២លាន២៦ម៉ឺន៣ពាន់៧៤៩នាក់ ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៦៨៨នាក់ និងជាសះស្បើយឡើងវិញ៩៣ម៉ឺន១ពាន់៧៦នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន២១ម៉ឺន១ពាន់៩៨៥នាក់ ៕