ពលរដ្ឋអាមេរិក ១.៥លាននាក់ផ្សេងទៀតដាក់ពាក្យទាមទារអត្ថប្រយោជន៍គ្រាអត់ការងារធ្វើ អំឡុងវិបត្តិ COVID-19

សហរដ្ឋអាមេរិក៖ ការបាត់បង់ ឬបញ្ឈប់ពីការងារដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងដល់៤៥.៧លាន ដោយបង្កើនការបារម្ភថា ទោះបីមានសញ្ញាវិជ្ជមានខ្លះក៏ដោយ ក៏សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែប្រឈមនឹងការជាប់គាំង មិនអាចស្ទុះងើបឡើងវិញបានពីការធ្លាក់ចុះនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។

ក្រសួងការងារអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា កម្មករនិយោជិតអាមេរិក ១.៥លាននាក់ផ្សេងទៀត បានដាក់ពាក្យទាមទារអត្ថប្រយោជន៍គ្រាអត់ការងារធ្វើកាលពីសប្តាហ៍មុន គឺថយចុះតែ៥ម៉ឺន៨ពាន់នាក់ប៉ុណ្ណោះ បើធៀបនឹងសប្តាហ៍មុន ប៉ុន្តែខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគ ។

សូមជម្រាបថា ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើន ដោយហេតុថា អាជីវកម្មនានាបានចាប់ផ្តើមបិទទ្វារនៅពាក់កណ្តាលខែមីនាកន្លងទៅ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស COVID-19 ដោយអត្រាគ្មានការងារធ្វើបានកើនឡើងរហូតដល់១៣.៣ភាគរយនៅក្នុងខែឧសភា និងមនុស្សរាប់លាននាក់ត្រូវបានបញ្ឈប់ពីការងារជារៀងរាល់សប្តាហ៍ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner