ក្រុមហ៊ុន Visa ចាប់ដៃគូជាមួយផ្សារទំនើប AEON និង AEON MaxValu ដាក់ឲ្យប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless
ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានប្រកាសពីវិធីទូទាត់ដែលរហ័ស និងមានភាពងាយស្រួលជាងមុនសម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងការចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ការទូទាត់ជាមួយ Visa កាត តាមរយៈបច្ចេកវិទ្យា Contactless នៅផ្សារទំនើប AEON និង AEON MaxValu ក្នុងប្រទេសកម្ពុជា ។ ជាមួយបច្ចេកវិទ្យាទូទាត់ថ្មីនេះ អតិថិជនអាចទូទាត់ថ្លៃទំនិញនៅកន្លែងគិតប្រាក់ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាការស្រេច ដោយមិនចាំបាច់ប្រើវិធី “ស៊ក ឬ ឆូត” ដូចមុននោះឡើយ ។
ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ ផ្តល់ជូនអតិថិជននូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញរបស់ពួកគាត់នៅផ្សារទំនើប AEON និង AEON MaxValu ហើយជាមួយគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំៗនៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ វាពិតជាមានសុវត្ថិភាពបំផុតក្នុងការអនុវត្តគម្លាតសង្គម ។ ក្រុមហ៊ុនក៏នឹងចាប់ផ្តើមដាក់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះនៅតាមសាខាផ្សារទំនើប AEON និង AEON MaxValu នៅទូទាំងប្រទេសផងដែរ ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានសហការជាមួយក្រុមហ៊ុន AEON ដើម្បីដាក់ឲ្យដំណើរការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅតាមបណ្តាផ្សារទំនើបទាំងអស់របស់ផ្សារទំនើប AEON និង AEON MaxValu នៅទូទាំងប្រទេស ។ ជាមួយនឹងការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះ មិនត្រឹមតែធ្វើឱ្យប្រតិបត្តិការទូទាត់កាន់តែងាយស្រួលសម្រាប់អ្នកទិញ និងអ្នកលក់ប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែកាតស្ថិតនៅក្នុងដៃរបស់ម្ចាស់កាត វាក៏ផ្តល់នូវសុវត្ថិភាពដល់ភាគីទាំងសងខាងផងដែរ ព្រោះវាកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ ។
យើងសង្ឃឹមថាការសហការជាមួយផ្សារទំនើប AEON និង AEON MaxValu នឹងជួយជម្រុញវិស័យការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless និងការទូទាត់តាមរយៈអេឡិចត្រូនិកឲ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ។ ចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ ម្ចាស់ Visa កាត ដែលប្រើការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នៅផ្សារទំនើប AEON ដែលចំណាយចាប់ពី ២០ដុល្លារ ឡើងទៅ នឹងទទួលបានប័ណ្ណទឹកប្រាក់៣ដុល្លារ សម្រាប់ការទិញទំនិញលើកក្រោយ ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមសាកសួរព័ត៌មានលម្អិតនៅតាមទីតាំងរបស់ AEON នីមួយៗដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ។
លោក ស៊ិន ពិសី ជា Director របស់ក្រុមហ៊ុន AEON បានមានប្រសាសន៍ថា៖« នៅផ្សារទំនើប AEON និង AEON MaxValu យើងផ្តោតការយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការដើរផ្សាររបស់ពួកគេ ហើយការផ្តល់ជូនអតិថិជននូវការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless គឺស្របតាមគោលនយោបាយរបស់យើងផងដែរ ។ ប្រសិនបើយើងមើលតាមស្ថានការណ៍បច្ចុប្បន្ន ឃើញថាការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless គឺជាមធ្យោបាយដ៏ល្អមួយដែលអាចជួយធានាដល់អតិថិជនរបស់យើងទទួលបាននូវសុវត្ថិភាព ខណៈពេលដែលពួកគេនៅតែអាចរីករាយក្នុងការទិញទំនិញ ។ ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិកក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា មួយចុងក្រោយរបស់ Visa អំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជនតាមរយៈការស្ទង់មតិ៤នាក់ក្នុងចំណោមមនុស្ស៥នាក់ (ស្មើនឹង៧៩ភាគរយ) មានអារម្មណ៍សុទិដ្ឋិនិយមសម្រាប់ការប្រើប្រាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ នៅតាមហាងលក់ទំនិញ និងផ្សារទំនើបធំៗនាពេលអនាគត។ ទន្ទឹមនឹងនេះ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់កាតដែលទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ។
ក្នុងខណៈពេលដែលមានការកាត់បន្ថយទំនាក់ទំនងរវាងបុគ្គល ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ទទួលបាននូវការទាក់ទាញយ៉ាងខ្លាំងនាពេលថ្មីៗនេះនៅជុំវិញពិភពលោក ដោយរដ្ឋាភិបាល និង អាជីវករ កំពុងតែស្វែងរកមធ្យោបាយដើម្បីបន្តធ្វើពាណិជ្ជកម្ម ។ តាមរយៈរបាយការណ៍ការធ្វើប្រតិបត្តិការទូទាត់របស់ Visa កាត នៅឆ្នាំ ២០១៩ នៅអាស៊ីប៉ាស៊ីហ្វិកបច្ចេកវិទ្យា Contactless បានក្លាយជាមធ្យោបាយសាមញ្ញសម្រាប់ការទូទាត់រួចទៅហើយ សម្រាប់ការបញ្ជាទិញទំនិញដោយផ្ទាល់ពីអតិថិជន ៕