ក្រុមចលនាយុវជនកម្ពុជា ១៥៧ខេត្តកណ្តាល និងខេត្តព្រះវិហារ បាននាំយកគ្រឿងបរិក្ខាប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់អង្គភាពផ្នែកសឹករងជាំក្សាន្ត នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ !
ខេត្តព្រះវិហារ៖ សមាគមចលនាយុវជនកម្ពុជា ១៥៧ ត្រូវគេដឹងថា គឺមានលោកឧកញ៉ា ស្រី ចាន់ថន ជាប្រធានសមាគម។ នៅថ្ងៃទី១៧មិថុនា ម្សិលមិញ តំណាងសមាគមចលនាជនកម្ពុជា ១៥៧ ខេត្តកណ្តាល និងប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ ខេត្តព្រះវិហារ ដឹកនាំដោយ លោក គិម សំអឿន បានសហការរួមគ្នា នាំយកអំណោយរបស់លោកឧកញ៉ា ស្រី ចាន់ថន មកឧបត្ថម្ភដល់អង្គភាពផ្នែកសឹករងជាំក្សាន្ត ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤។
នៅក្នុងដំណើរចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នៃសមាគមចលនាយុវជនកម្ពុជា ១៥៧ ទាំងពីរខេត្ត គឺខេត្តកណ្តាល និងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី១៧មិថុនា ម្សិលមិញនោះ គឺធ្វើឡើងក្រោមការទទួលរាក់ទាក់ពី មេបញ្ជាបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា រួមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពផ្នែកសឹករងជាំក្សាន្ត នៃទិសប្រាសាទព្រះវិហារ នោះផងទៀត។
ប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ ខេត្តកណ្តាល លោកឧកញ៉ា ស្រី ចាន់ថន និងប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ ខេត្តព្រះវិហារ លោក គិម សំអឿន បានឧបត្ថម្ភអំណោយដល់អង្គភាពផ្នែកសឹករងជាំក្សាន្ត នៅពេលនោះ រួមមាន៖ ស៊ីម៉ងត៍ ២តោន , ស័ង្កសី ៥០សន្លឹក ,ស៊ីទែនទឹក១ពាន់លីត្រ ចំនួន ៤ស៊ីទែន ,អង្ករ ១តោន ,មី ២០កេស ,ទឹកស៊ីអ៊ីវ ១០យួរ ,ទឹកត្រី ១០យួរ ,ប៊ីចេង ១៥គីឡូក្រាម ,អំបិល ១០០គីឡូក្រាម ,ត្រីខកំប៉ុង ១០យួរ ,ទឹកបរិសុទ្ធ ១០០យួរ និងនំបុ័ង១២០ដើម ថែមទៀតផង។
តំណាងសមាគមចលនាយុវជនកម្ពុជា ១៥៧ ខេត្តកណ្តាល និងខេត្តព្រះវិហារ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកឧកញ៉ា ស្រី ចាន់ថន ចំពោះយុទ្ធជនការពារព្រំដែនទាំងអស់ ត្រូវចេះថែរក្សាសុខភាពអោយបានល្អ ថ្វីត្បិតតែជំងឺកូវីដ១៩ នៅកម្ពុជា មិនមានវត្តមានធ្ងន់ធ្ងរក៏មែនពិត ប៉ុន្តែកងទ័ពគ្រប់ជាន់ថ្នាក់នៅសមរភូមិមុខ ក៏ត្រូវបង្កើនការអនាម័យអោយបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ ដ៏កាចសាហារនេះ ទាំងអស់គ្នា។ លោកថា ចំពោះការផ្តល់ជូនអំណោយនៅក្នុងពេលនេះ លោកឧកញ៉ា ស្រី ចាន់ថន គឺដើម្បីបន្តការផ្សារភ្ជាប់ និងពង្រឹងកិច្ចទំនាក់ទំនងល្អ រវាងកម្លាំងកងទ័ព នៅសមរភូមិមុខ និងក្រុមសមាគមចលនាយុវជនកម្ពុជា ១៥៧ ដែលស្ថិតនៅសមរភូមិក្រោយ អោយកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ លោកបានបញ្ជាក់ថា សមាគមចលនាយុវជន ១៥៧ នៅតែបន្តជួយឧបត្ថម្ភ ទាំងសម្ភារៈបរិក្ខា និងគ្រឿងបរិភោគ ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលមានមូលដ្ឋាននៅទិសប្រាសាទព្រះវិហារ ទៅតាមលទ្ធភាព នៅពេលក្រោយៗ ជាបន្តទៀត។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ស្វាគមន៍ នូវដំណើរមកដល់ទិសសមរភូមិមុខ របស់ក្រុមចលនាយុវជន ១៥៧ នៅក្នុងពេលនេះ ហើយអង្គភាពសឹករងខេត្តព្រះវិហារ នឹងបន្តពង្រឹងកិច្ចទំនាក់ទំនងនេះ អោយស្ថិតនៅល្អជានិច្ច។ លោកថា ការបរិច្ចាគនូវធនធានរបស់ លោកឧកញ៉ា ស្រី ចាន់ថន នៅក្នុងពេលនេះ បានបង្ហាញអោយឃើញថា គឺពិតជាបានចូលរួមចំណែក ក្នុងកិច្ចការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងធ្វើអោយជីវភាពកងទ័ព ដែលស្ថិតនៅសមរភូមិមុខ មានភាពធូរធារ និងដោះស្រាយការខ្វះខាត បានមួយចំណែក ផងដែរ។
លោកឧត្តមសេនីយ៍មេបញ្ជាការ នាយទាហាន និងពលទាហាន នៃអង្គភាពទិសជួរមុខ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សមាគមចលនាយុវជនកម្ពុជា ១៥៧ ពិសេស លោកឧកញ៉ា ស្រី ចាន់ថន សូមសម្រេចបានជោគជ័យ លើគ្រប់ភារកិច្ចនៅចំពោះមុខជានិច្ច ដែលចលនានេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការរុញច្រាននាវាកម្ពុជា អោយឈានឆ្ពោះទៅរកភាពរុងរឿង ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅ យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ ដើម្បីកសាងសង្គមកម្ពុជា ប្រកបដោយការអភិវឌ្ឍ ហើយលោកបាន អរគុណសន្តិភាព ដែលបានប្រែក្លាយកម្ពុជា ចាកចេញពីភ្នក់ភ្លើងសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបានបញ្ជាក់ថា កងទ័ពទាំងអស់ នឹងប្តេជ្ញាការពាររាជបល័ង្គ រដ្ឋសភាជាតិ និងរាជរដ្ឋាភិបាល ស្របច្បាប់ អោយបានជាដាច់ខាត ៕ ដោយ៖ឡុង សំបូរ