អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះប្រមូលសំរាម និងលាងសម្អាតផ្លូវជាតិ
ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ នៅព្រឹកថ្ងៃច័ន្ទ ៩រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរៈភូមិន្ន លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បាន ដឹកនាំកម្លាំងចម្រុះ ចុះយុទ្ធនាការ ប្រមូលសម្រាម រើសសម្រាម និងបាញ់ទឹកសំអាតផ្លូវជាតិលេខ១ ដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថាន អនាម័យល្អ ។
យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលសម្រាម រើសសម្រាប់ លាងផ្លូវជាតិនេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្រុមការងារ និងកងកម្លាំង ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតលើការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ។ លើសពីនេះទៀតត្រូវប្រាប់ដល់ បងប្អូន ប្រជាពលរដ្ឋ ចូល រួមសហការ ទុកដាក់ និងវេចខ្ចប់សំរាម ឲ្យបាន ត្រឹមត្រូវ និងតាមពេលវេលាដែលបានកំណត់ ដេីម្បី ងាយស្រួល ដល់ក្រុមការងារ ប្រមូលសំរាម បានលឿន។
ជាមួយគ្នានេះដែរ លោក អភិបាលខណ្ឌ ក៏បានក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ផ្នែក មន្ត្រីក្រុមការងារគ្រប់ការិយាល័យ រួមទាំងលោកចៅសង្កាត់ ត្រូវចូលផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានទូលំទូលាយពីវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋជាសកល ។ ជាពិសេសត្រូវផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍ជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមរំលឹកថា កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តប្រមូលសំរាមថ្មីចំនួន៧០គ្រឿង រួមជាមួយរឺម៉ក់ប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខ សណ្តាប់ ធ្នាប់គ្រប់ខណ្ឌ ចេញប្រតិបត្តិការប្រមូលសំរាម ដើម្បីបញ្ជៀសកុំឲ្យមានការកកស្ទះ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ក្នុងរាជធានីភ្នំពេល ដោយឡែកសំរាប់ខណ្ឌច្បារអំពៅ លោកអភិបាលខណ្ឌបានដាក់ផែនការឲ្យអាជ្ញាធរសង្កាត់ រួមសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីសាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ។ ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕ សណ្តោស