ជនជាតិនីហ្សេរីយ៉ា បើករថយន្តល្មើសច្បាប់ រួចយកលុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យ និងត្រូវសមត្ថកិច្ចរកឃើញរក្សាទុកគ្រឿងញៀនថែម ទៀត
ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ច្បាស់ការរបស់សមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះថា ជនជាតិបរទេសដែល បើករថយន្តខុសច្បាប់ចរាចរណ៍ ហើយយកលុយដុល្លារ (លុយក្លែងក្លាយ) បង់ថ្លៃផាកពិន័យនោះ ក្រោយឃាត់ខ្លួនសមត្ថកិច្ចរកឃើញ មានរក្សាទុកសារធាតុញៀន (កញ្ឆា) ថែម ទៀត។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនបរទេសមានឈ្មោះ ម៉ៃខល អ៊ីរូហ្គោអ៊ិនវ៉ាននីណាយ៉ា (ERUGO NWANN ENAYA) ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង ៥០នាទី ត្រង់ចំណុចគល់ស្ពានដែកផ្លូវ ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការគោលដៅស្តុបអតីតស្ពានដែក បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ប្រគល់ឲ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ ពីជនរូបនោះបានប្រើប្រាស់លុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យចរាចរណ៍ បើកបរបញ្ច្រាសផ្លូវ ។
ប្រភពព័ត៌មានកន្លែងកើតហេតុបាន បញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសម្រួលចរាចរណ៍លើផ្លូវ៣៧១ និងផ្លូវ២១៧ (ស្ពានដែក) ស្រាប់តែមានជនជាតិនីហ្សេរីយ៉ាខាងលើបាន បើករថយន្តមួយរឿងម៉ាកព្រូស ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2BC- 9125 ម្នាក់ឯង បើកបញ្ច្រាស់ទិសពីកើតមកលិច លើផ្លូវ៣៧១ រួចសមត្ថកិច្ចនគរបាលចរាចរណ៍ ក៏បានហៅសួរនាំ ហើយជនសង្ស័យក៏បានដកលុយក្រដាស ១០០ដុល្លារ ប្រគល់ឲ្យសមត្ថកិច្ចដើម្បីធ្វើការផាកពិន័យតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចមានការសង្ស័យថា លុយក្រដាស ១០០ដុល្លារនោះ ជាលុយក្លែងក្លាយ ក៏បានរាយការណ៍ជូនលោកអធិការនគរបាលខណ្ឌដង្កោ ស្រាប់តែជនសង្ស័យបានយកលុយ នោះហែកចោលទៅលើដី ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួចធ្វើការឆែកឆេររកឃើញកញ្ឆាចំនួន១កញ្ចប់ថង់តូច នៅ ក្នុងរថយន្តរបស់ជនសង្ស័យ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់៕ ដោយ ៖ បញ្ញា