លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស)
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
វត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) គឺជារមណីយដ្ឋានទេចរណ៍បែបវប្បធម៌ ដែលត្រូវបានរៀបចំកសាងឡើងវិញក្នុងឆ្នាំ ២០០០ ក្រោមគំនិតផ្តួចផ្តើមកសាងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាសំណង់ប្រវត្តិសាស្រ្តនៅសម័យតេជោសែន ដែលត្រូវបានប្រគល់សិទ្ធជូន ឯកឧត្តម ឃឹម សារិទ្ធ អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកដឹកនាំកសាង ។
ដោយឡែកការចុះមកពិនិត្យមើលសំណង់នាព្រឹកនេះ គឺតាមរយៈ ការស្នើសុំរបស់ព្រះចៅអធិការ ព្រះនាម ព្រះគ្រូវិជ័យធម្មបាល ទីន ទី ក្នុងការសាងសង់កុដិរបស់ព្រះចៅអធិការវត្ត ដែលកសាងទើបតែបានចំនួន ៤0% របងនិងបង្កាន់ដែនៅខ្វះប្រវែង ១៨៥ម៉ែត្រ ខ្វះលូរំដោះទឹកប្រវែង៩៦ម៉ែត្រ និងស្នើសុំលាបពណ៌ឡើងវិញ ។
លោកជំទាវក៏បានលើកឡើងថា ដោយសាតែប្រទេសជាតិមានសុខសន្តិភាព ទើបយើងទាំងអស់គ្នាមានឱកាស កសាង និងមានការអភិវឌ្ឍន៍ទាំងក្នុងវិស័យពុទ្ធចក្រ និងវិស័យអណាចក្រ ។ បើទោះបីជាយើងមានសន្តិភាព ក៏យើងនៅប្រឈមនឹងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩ ស្របពេលដែលពិភពលោកបាននឹងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង ។ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តនូវវិធានការណ៍របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវជម្ងឺកូវីដ១៩ ។ ជាពិសេស ក៏បានអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ថ្ងៃ ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័ក ដោយដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដើម្បីទប់ស្កាត់ក្នុងការឆ្លងរីករាលដាលដល់ក្នុងសហគម ៕




















