សហព័ន្ធកីឡាហុកគីកម្ពុជាប្រកាសរៀបចំការប្រកួតជើងឯក ចុងខែធ្នូ ឆ្នាំ២០២០ខាងមុខ
សហព័ន្ធកីឡាហុកគីកម្ពុជា នឹងរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំ នាចុងខែធ្នូ ឆ្នាំ២០២០ ដើម្បីផ្តល់ឱកាស ជូនដល់បណ្តាក្លិបនានាក្រោមចំណុះ បានចូលរួមប្រកួតប្រជែងមេដាយ បង្កើនគុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនី ដើម្បីត្រៀមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់ថា ការរៀបចំការប្រកួតជើងឯកកីឡាហុកគីប្រចាំឆ្នាំ គឺជាថវិកាផ្ទាល់របស់សហព័ន្ធខ្លួនឯង ដែលជាការប្រកួតសំខាន់ប្រចាំឆ្នាំមិនអាចខ្វះបាន ដើម្បីពង្រឹងសិទ្ធផលដល់កីឡាករ កីឡាការិនីហុកគីទាំងអស់ ដែលបានខិតខំហ្វឹកហាត់នាពេលកន្លងមក។ អគ្គលេខាធិការរូបនេះលើកឡើងបន្ថែមថា បច្ចុប្បន្ន បណ្តាក្លិបហុកគីកំពុងតែហ្វឹកហាត់បង្កើនការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតជើងឯក នាចុងខែធ្នូ ឆ្នាំ២០២០ ដោយសហព័ន្ធនឹងរៀបចំវិញ្ញាសាបុរស-នារី ក្នុងសាល (Indoor) ដោយស្នើសុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទីលានប្រកួត ក្នុងសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ក្លិបហុកគី ដែលនឹងចូលរួមប្រកួតប្រជែងមេដាយ ដូចជា PSE, Tunder, Hockey Field រួមទាំងក្លិបនៅខេត្តកំពង់ចាម និងខេត្តកំពង់ធំទៀតផង។

ដោយឡែកទាក់ទងនឹងការចូលរួម ប្រកួតអន្តរជាតិថ្នាក់តំបន់អាស៊ីអាគ្នេយ៍វិញ លោកសង្កត់ធ្ងន់ថា ប្រភេទកីឡាហុកគីមិនមាននៅក្នុងបញ្ជី ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមនោះទេ ដោយសារនៅក្នុងបញ្ជីប្រភេទកីឡានានា បឋមមិនមានកីឡាហុកគីនេះទេ។ អគ្គលេខាធិការរូបនេះសម្តែងការសោកស្តាយ ដែលប្រភេទកីឡាកីឡាហុកគីកម្ពុជាមិនអាចចូលរួមប្រកួតបង្កើនគុណភាពបច្ចេកទេសលើឆាកអន្តរជាតិបាន ដោយសារម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២១ មិនដាក់ប្រភេទកីឡាហុក គីឲ្យចូលរួមប្រកួត។

លោកសង្គេតឃើញថា កីឡាហុកគីវៀតណាមមិនសូវមានសក្តានុពលខ្លាំង ដូចបណ្តាប្រភេទកីឡាផ្សេងៗ ដូច្នេះហើយទើបគេមិនដាក់បញ្ជូល ប៉ុន្តែទោះយ៉ាងនេះក្តី ក៏គេងរង់ចាំបន្តទៀត នៅក្នុងខែ ធ្នូ ឆ្នាំ២០២០ ខាងមុខនេះ សម្រាប់ការកំណត់ក្នុងបញ្ជីប្រភេទកីឡាចុងក្រោយ។ ប្រភេទកីឡាហុកគីធ្លាប់បានចូលរួមប្រកួតនៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ចំពោះគោលដៅនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺកីឡាហុកគីស្ថិតនៅក្នុងចំណោមជាង១០ប្រភេទកីឡាផ្សេងទៀត ក្នុងចង្កោមប្រភេទកីឡាទី៣ ដែលត្រៀមជ្រើសរើសដាក់បញ្ជូល ខណៈទី១ជាប្រភេទកីឡានានាតាមការកំណត់ ដែលម្ចាស់ផ្ទះត្រូវតែដាក់បញ្ជូល និងប្រភេទទី២ គឺជាប្រភេទកីឡាដែលមានសក្តានុពល ដែលគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានកំណត់ជាផែនការយុទ្ធសាស្រ្តរបស់ខ្លួន៕