បុរសម្នាក់ស្លាប់ និងស្ដ្រីពោះធំ២ នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូ៥គ្រឿងនិងរថយន្តមួយគ្រឿង

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីពោះធំ២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តសុីទែនដឹកហ្គាស បើកបុករះម៉ូតូចំនួន៥គ្រឿង និងរថយន្តព្រុសមួយគ្រឿងទៀត កំពុងឈប់ភ្លើងស្តុប កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ចំណុចភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់នៅកន្លែង ឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករដឹកកញ្ចក់មានស្រុកកំណើតភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E- 4913 ជារថយន្តដឹកហ្គាស បើកបរតាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តព្រុស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BI-0032 រុញផ្ទប់នឹងម៉ូតូរុឺម៉ក កំពុងឈប់ភ្លើងស្តុប ពីជើងទៅត្បូង និងបន្តទៅបុករះម៉ូតូរុឺម៉កដឹកកញ្ចក់ ម៉ូតូលក់ពោតស្ងោរ ម៉ូតូលក់លៀសហាល ម៉ូតូលក់គ្រឿងម្ជូរ ដែលឈប់ចតលក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រីពោះធំ ជាកម្មការនីរោងចក្រ២នាក់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបរម៉ូតូរុឺម៉កដឹកកញ្ចក់ ស្លាប់ភ្លាមៗនៅកន្លែង ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ជនបើកបររថយន្តបង្កក្រោយកើតហេតុភ្លាម ត្រូវបានសមត្ថកិច្ចប្រចាំគោលដៅ ២៤ ម៉ោងក្បែរនោះឃាត់ខ្លួន ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញចុះទៅពិនិត្យវាស់វែង រួចប្រមូលសម្ភារៈពាក់ព័ន្ធ រួមទាំងអ្នកបើកបររថយន្តបង្កផងទៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner