CAMSOC បន្តបើកកិច្ចប្រជុំពិភាក្សលើគម្រោងនៃពិធីបើក-បិទ ស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទដោយ៖
សារ៉ាន ទីងី

ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នៅព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំ​កិច្ច​ប្រជុំ​លើ​ផ្នែក​បច្ចកេទេស ជាមួយគណៈកម្មការវប្បធម៌ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសាររួមក្រោយបញ្ចប់កិច្ចប្រជុំនេះថា នេះជាកិច្ចប្រជុំចង្អៀត ដោយផ្តោតលើផ្នែកបច្ចេកទេស ជាមួយព្រឹទ្ធាចារ្យវប្បធម៌ ដើម្បីពិនិត្យ និងឆ្លុះ​បញ្ចាំង​​នូវ​នីតិវិធីទស្សនីយភាព សម្រាប់ពិធីបើក-បិទនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជា​ត្រៀម​ទទួលក្រុមការងារបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងអញ្ជើញមកកម្ពុជា នា​ខែ​ធ្នូ ឆ្នំា២០២០ ក្នុងគោលបំណងដើម្បីបន្ស៊ីគ្នារវាងវប្បធម៌យើង និងរវាងបច្ចេកវិទ្យាទំនើប ពីព្រោះថា តាម​ការអនុម័ត នៅក្នុងអង្គប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ នៅវិមាន មិត្តភាព ក្រោមអធិបតីដ៏​ខ្ពង់​ខ្ពស់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធាន CAMSOC បានឯកភាពឲ្យគណៈកម្មការវប្បធម៌នៃ CAMSOC ធ្វើការជាមួយភាគីចិន ដែលជាដៃគូក្នុង​ការ​ជួយជ្រោមជ្រែងដល់ការរៀបចំពិធីបើក-បិទស៊ីហ្គេមនេះ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា អង្គប្រជុំព្រឹកនេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍ CAMSOC បានឲ្យយើងផ្តោតសំខាន់លើកម្មវិធីលម្អិតនីមួយៗ ក៏ដូចជាកម្មវិធីមុន កម្មវិធីផ្លូវការពិធីបើក ដែលមហាជននឹងមកមុន១ម៉ោង ឬមុន២ម៉ោង ដែលយើងត្រូវបង្ហាញអ្វីខ្លះ ដើម្បីឲ្យមហាជន យុវជន​ទទួល​បានភាពរីករាយ និងរំភើបផ្តល់ការគាំទ្រដល់ពិធីនេះ ដែលនេះនឹងរៀបចំផែនការមួយដែរ មុន​ពិធី​បើកជាផ្លូវការ។ ជាមួយគ្នានោះ អង្គប្រជុំក៏បានពិនិត្យមើល លើរបៀបរបប​នៃពិធីបើកបិទ​នៃព្រឹត្តិ​ការណ៍​ស៊ីហ្គេម កីឡាអាស៊ី អូឡាំពិកហ្គេមជាដើមផងដែរ ដោយសារកម្ពុជាទើបនឹងទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ដោយកម្ពុជា​ចង់​ប្រារព្ធ​ពិធីបើកបិទនេះនឹងផ្ទុះឡើងនូវភាពអស្ចារ្យមួយ ដែលបណ្តាប្រទេសធ្លាប់ធ្វើស៊ីហ្គេម កន្លងមក​មិន​ធ្លាប់​បានឃើញនូវមូលដ្ឋានគ្រឹះនៃខឿនវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើង ដែលមានវ័យចំណាស់មួយ ដើម្បី​បញ្ជ្រាបការផ្សព្វផ្សាយ នៅក្នុងស្រុកផង ក៏ដូចជាអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក​ទាំង​មូល​ផង​ដែរ។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នៅដើមឆ្នាំ២០២១ យើងនឹងរៀបចំប្លង់លម្អិត នៃការហ្វឹកហាត់​សម្តែង ហើយនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២១ ការហ្វឹកហាត់ទ្រង់ទ្រាយធំ ​នឹងបន្តជាប់រហូត​ដល់​ឆ្នាំ​២០២៣តែងម្តង ហើយការហ្វឹកហាត់សម្តែងនេះគឺត្រូវការមនុស្សច្រើន ដែលយើងត្រូវតែរៀបចំផែន​ការ​លម្អិត​ច្បាស់លាស់ ដើម្បីទាក់ទាញនៃពិធីបើកបិទឲ្យកាន់តែអស្ចារ្យ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner