បុរសម្នាក់ ជិះម៉ូតូរអិលដីខ្សាច់ដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង
ភ្នំពេញ៖ បុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ក៏រអិលនឹងដីខ្សាច់ដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៣០ នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរ មេការសំណង់ ក្នុងតំបន់ OCIC ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតនៅភូមិបារាយខាងលិច ស្រុកបារាយ ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបាន ឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R- 3482 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធន់ធំមួយគ្រឿង ជាប្រភេទរថយន្តដឹកដី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-8814 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងស្របទិសដៅគ្នា ស្របពេលនោះ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះរអិលគ្រាប់ខ្សាច់ នៅតាមចិញ្ចើមផ្លូវធ្វើឲ្យម៉ូតូដួលចូលក្រោមកង់រថយខាងក្រោយផ្នែកខាងស្តាំ បណ្ដាលឲ្យរថយន្តកិនក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែងតាមប្រពៃណី៕ ដោយ ៖ បញ្ញា