ប្រធានអង្គភាពកីឡាមហាផ្ទៃបាននាំយកសម្ភារ ហ្វឹកហាត់ផ្តល់ជូន ជម្រើសជាតិថ្នាលសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឧត្តមសេនីយ៍ ឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារហ្វឹកហាត់មួយចំនួនធំជូនដល់កីឡាករការិនីជម្រើសជាតិថ្នាល សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលកំពុងតែសម្រួចការហ្វឹកហាត់ឡើងវិញ នៅមាត់ទន្លេបាសាក ក្រុងតាខ្មៅ ខេត្ត កណ្តាល បន្ទាប់ពីសម្រាកបណ្តុះអាសន្នអស់រយៈពេលជិត៣ខែ តាមសេចក្តីប្រកាសជូនតំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីការពារជំងឺកូវីដ១៩។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំយកនៃការសាកសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចក្រឡហោម ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដល់កីឡាករ កីឡាការិនី គ្រូបង្វឹកទាំង២២។ ឯកឧត្តមប្រធាន បានជំរុញនិងលើកទឹកចិត្តដល់កីឡាករទាំងអស់បន្តប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយពីអន្តរជាតិនានា ជាពិសេស ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២១នៅវៀតណាម និងស៊ីហ្គេម២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។

ឯកឧត្តម បណ្ឌិត នាំផ្តល់អនុសាស្រ្តបន្ថែម ដល់កីឡាករការិនីថ្នាល គឺ ត្រូវហ្វឹកហាត់ដោយក្តីអំណត់អត់ធន រួបរួមសាមគ្គីជាកម្លាំងតែមួយ ដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឈានទៅរកកម្រិតគុណភាពខ្ពស់ ប្រកួតដណ្តើមយកមេដាយមកជូនអង្គភាព និងជូនព្រះរាជាណាចក្រកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិផ្សេងៗ លើកមុខមាត់ជាតិលើឆាកអន្តរជាតិ។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក៏បានក្រើនរំរំលឹក បន្ថែមដល់ជម្រើសជាតិថ្នាល ត្រូវចូលរួមគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ស្តាប់ការណែនាំរបស់គ្រូបង្វឹក ហាត់តាមបច្ចេកទេស ហើយការហ្វឹកហាត់ត្រូវហាត់ក្នុងមហាគ្រួសារកីឡាទូកតែមួយ មិនត្រូវគុំគួនឬចងកំហឹងដក់គ្នាដែលនាំឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងក្រុមឡើយ។ ដោយឡែកសម្ភារដែលចែកជូនកីឡាករ កីឡាការិនី គ្រូបង្វឹកទាំង២២  រូបរួមមាន៖ សម្លៀកបំពាក់សម្រាប់ហ្វឹកហាត់៤៤កំប្លេ, ស្បែកជើង២២គូ, ទឹកអាល់កុល ជែល សាប៊ូលាងដៃ និង ឧបករណ៍វាស់កម្តៅម្នាក់មួយឈុតធំ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner