វគ្គបណ្តុះបណ្តាល នីតិវិធីរបស់គណៈកម្មការសុរិយោដី ក្រុង ស្រុកទាំង១១ ក្នុងខេត្តកណ្តាល
ខេត្តកណ្តាល៖ នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកវគ្គបណ្តុះបណ្តាល នីតិវិធីរបស់គណៈកម្មការសុរិយោដីក្រុងស្រុកជូនប្រធានក្រុមប្រឹក្សា ឃុំ-មេភូមិ មេឃុំ ដែលជាសិក្ខាកាម។ លោកខុនសេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ស្រុកបានមានប្រសាសន៍ ថាសូមលោកលោកស្រីជាសិក្ខាកាមទាំងអស់ត្រូវត្រង់ត្រាប់ស្តាប់ការពន្យល់ណែនាំ និងការបង្ហាត់បង្ហាញរបស់លោកគ្រូឧទ្ទេសដើម្បីទទួលបាននូវចំណេះដឹងបន្ថែម និងយកទៅអនុវត្តន៍តួនាទីរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់តាមផ្លូវច្បាប់។
លោក បានបន្ថែមថាករណីដែលសិក្ខាកាមមិនទាន់យល់ឫមានការឆ្ងល់ កន្លែងណានោះ សូមសិក្ខាកាមលើកជាសំណួរភ្លាមទៅកាន់គ្រូឧទ្ទេសដើម្បីអោយគាត់ជួយពន្យល់បន្ថែមទៀត ធ្វើយ៉ាងណាឲ្យការចំណាយពេលមួយថ្ងៃនេះ មានតម្លៃកាត់ថ្លៃពុំបានគឺ ចំណេះដឹងបន្ថែមសម្រាប់អនុវត្តន៍ការងាររបស់ខ្លួន។
លោកអភិបាលស្រុកបានសម្តែងនូវការកោតសរសើរ ចំពោះគណៈកម្មការសុរិយោដីថ្នាក់ស្រុក លោកលោក ស្រី មេឃុំ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំ និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិឃុំ ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួនគ្រប់សកម្មភាព នៃការចុះបញ្ជីដីធ្លី និងការសម្របសម្រួលនីតិវិធីនៃការកាន់កាប់ និងប្រើប្រាស់ដីធ្លីជូនពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។
កន្លងមកនីតិវិធីមួយចំនួនតូចត្រូវបានអនុវត្តន៍ទៅតាមទម្លាប់ និងរបៀបរបបបំពេញការងារ បន្តវេនរបស់ ឃុំ ភូមិ ប៉ុន្តែថ្ងៃនេះយើងមានឱកាសជួបជាមួយលោកគ្រូឧទ្ទេស ដែលមានជំនាញទាំងបច្ចេកទេស និងនីតិវិធីច្បាប់ ដែលអាចជាកញ្ចក់ឫជាប្រទីបសម្រាប់បង្ហាត់បង្ហាញផ្លូវឲ្យបានច្បាស់លាស់ និងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ និងការងារបច្ចេកទេស។
លោក ហ៊ឹង សុធី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល និងជាគ្រូឧទ្ទេសបានថ្លែងថាខ្លឹមសារមេរៀនរួមមាន៖ ១-តួនាទីភារកិច្ចរបស់អាជ្ញាធរ ឃុំក្នុងការដោះស្រាយទំនាស់ដីធ្លី, ២-ខ្លឹមសារសំខាន់ៗនៃច្បាប់ភូមិបាល, ៣-របៀបនៃការដោះស្រាយទំនាស់ដីធ្លី, ៤-សំណួរ-ចម្លើយ, ៥-ការសម្តែងតួស្តីពីការសម្រុះសម្រួល។
លោកបានបន្តថាដោយសារការផ្សព្វផ្សាយច្បាប់ របស់យើងនៅមានកម្រិតប្រជាពលរដ្ឋមានការយល់ដឹង អំពីច្បាប់ និងលិខិតបទដ្ឋាននានាក៏នៅមានកម្រិតដែរនាំឱ្យការអនុវត្តច្បាប់ និងបទដ្ឋាននានាមិនបានត្រឹមត្រូវដូចជាការទិញ-លក់ ជួលដាក់បញ្ចាំដាក់ធានា និងបែងចែកបន្តមរតកជាដើមគឺ ធ្វើឡើងដោយពុំមានលិខិតបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចឡើយដែលបញ្ហាទាំងអស់នេះជាមូលហេតុ ធ្វើឱ្យទំនាស់កើតមានឡើង។
ម្យ៉ាងវិញទៀតគឺតម្រូវការទាំងនេះហើយដែលធ្វើឱ្យពួកគេចូលទៅកាន់កាប់ដីធ្លីរបស់រដ្ឋដោយគ្មានការអនុញ្ញាត។ ដូច្នេះជាដំណោះស្រាយក្រសួងត្រូវតែបណ្តុះបណ្តាលក្រុមប្រឹក្សា ឃុំ ដើម្បីធ្វើការដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋដោយអនុញ្ញាតឱ្យក្រុមប្រឹក្សាឃុំ-មេភូមិ មេឃុំ អាចដោះស្រាយដីណាដែលពុំមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ លើអចលនវត្ថុដោយអនុញ្ញាតឱ្យមានសិទ្ធិត្រឹមសម្រុះសម្រួលប៉ុណ្ណោះ ហើយបើក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ បានដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋបានមានន័យថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មានឆន្ទៈចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
លោក ហ៊ឹង សុធី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល និងជាគ្រូឧទ្ទេសក៏បានផ្តល់ឱវាទដល់ក្រុមប្រឹក្សាឃុំ-មេឃុំ មេភូមិ និងមន្រ្តីសុរិយោដីថាដើម្បីកាត់បន្ថយទំនាស់ដីធ្លីគឺ យើងត្រូវប្រឹងប្រែងចុះបញ្ជីអោយបានច្បាស់លាស់ និងត្រឹមត្រូវ៕








