អភិបាលខេត្តរតនគិរី នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលធ្លាប់ជួបគ្រោះទឹកជំនន់ជិត ៧០គ្រួសារ ដែលកំពុងជួបប្រទះ ការលំបាកនៅក្នុងជីវភាព
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋដែលធ្លាប់ជួបគ្រោះធម្មជាតិ និងប្រជាពលរដ្ឋងាយរងគ្រោះ ជិត ៧០គ្រួសារ មកពី៧ឃុំ ក្នុងស្រុកអូរជុំ ទទួលបានអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយក្នុងជីវភាព គ្រាកំពុងជួបប្រទះនឹងភាពខ្វះខាត។ ការនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋទាំង ៦៩គ្រួសារនោះ បានដឹកនាំដោយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគីរី លោក ថង សាវុន ដែលមានការអមដំណើរដោយ លោក លោកស្រី អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា មន្ទីរអង្គភាពជុំវិញខេត្ត និងមានការចូលរួម ពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី ថែមទៀត។
នៅក្នុងរបាយការណ៍ សាខាកាកបាទក្រហមខេត្ត បានបង្ហាញថា ប្រជាពលរដ្ឋងាយរងគ្រោះទាំង ៦៩គ្រួសារនោះ ១៦គ្រួសារ មកពីឃុំអូរជុំ ១០គ្រួសារ មកពីឃុំល្អក់ ៦គ្រួសារ មកពីឃុំកាឡៃ ១០គ្រួសារ មកពីឃុំប៉ូយ ៩គ្រួសារ មកពីឃុំសាមគ្គី ៨គ្រួសា មកពីឃុំឯកភាព និង១០គ្រួសារទៀត មកពីឃុំចាអ៊ុង ស្ថិតនៅក្នុងស្រុកអូរជុំ ខេត្តរតនគិរី ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេសតូច ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ ព្រមទាំងថវិកាមួយចំនួនទៀត ផងដែរ។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថា ដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ជានិច្ច ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មិនត្រូវមើលស្រាលជំងឺដ៏កាចសាហាវនេះជាដាច់ខាត និងត្រូវចូលរួមរួមអនុវត្តន៍វិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍អោយបានត្រឹមត្រូវ តាមណែនាំបស់ក្រសួងសុខាភិបាល ពិសេស ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះ តាមរយៈការលាងដៃអោយបានញឹកញាប់ និងជាប្រចាំជាមួយ សាប៊ូ អាល់កុល ទឹកជែល ឬទឹកសម្លាប់មេរោគ ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ត្រូវយកចិត្តទុកដាក់ រក្សាសុខភាព បង្កើនការអនាម័យ ត្រូវបរិភោគអាហារ ដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ កុំបីខានឡើយ។
លោក ថង សាវុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ កាត់បន្ថយការស្លាប់ និងពិការភាព និងត្រូវជួយអប់រំ ណែនាំដល់កូនចៅ ត្រូវរស់នៅអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាអាចបំផ្លាញអនាគត លោកអ្នក និងកូនចៅលោកអ្នក ធ្វើអោយបាត់បងអនាគតដ៏ល្អ និងជាទង្វើមួយដែលសង្គមស្អប់ខ្ពើម ថែមទៀតផង៕ ដោយ៖ ឡុង សំបូរ





