ប្រាសាទគុកនគរ

ប្រាសាទគុកនគរ ស្ថិតនៅក្នុងទីតាំងវត្តគុហ៍នគរខាងលិចទីប្រជុំជនតាំងគោក ក្នុងភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។បើគិតពីរង្វង់មូលស្គន់ទៅប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណ២២គ.ម.។

ប្រាសាទនេះប្រើប្រាស់ថ្មបាយក្រៀមជាសម្ភារៈសំណង់ចម្បងក្រៅពីផ្ដែរស៊ុមទ្វារសសរពេជ្រសសរផ្អោបនាគចែង និងតោដែលប្រើប្រាស់ថ្មភក់។ការប្រើប្រាស់ថ្មបាយក្រៀមច្រើនធ្វើឲ្យតួប្រាសាទមើលទៅឃើញសម្បុរខ្មៅខុសពីប្រាសាទដទៃទៀត។ចំពោះខ្លោងទ្វារខាងកើតដែលមានច្រកចូលពីរ គឺនៅកណ្ដាល និងខាងត្បូង ឯច្រកចូលខាងជើងបែរជាធ្វើជាទ្វារបញ្ឆោតទៅវិញ តែច្រកចេញមានបី។ ចំណែកខ្លោងទ្វារខាងលិចមានទំហំតូចមានច្រកចូល តែមិនមានច្រកចេញ (ជាទ្វារបញ្ឆោត)។នៅទល់មុំអាគ្នេយ៍មានប៉មធំមួយទៀត ធ្វើបែរមកលិចដែលជាទូទៅគេហៅថា «បណ្ណាល័យ» ។នៅជាប់កំពែងខាងត្បូងមានជាសាលមួយដែលមានច្រកចូលពីទិសខាងជើងតែសាលរបៀបនេះមិនមាននៅកំពែងខាងជើងនោះទេ។

តាមការពិនិត្យមើលប្លង់សំណង់ជារួមនាំឲ្យយើងនឹកទៅដល់ប្រាសាទភ្នំជីសូរ្យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទបាសែត ប្រាសាទឯកភ្នំ ដែលមានមណ្ឌបសន្ធឹងភ្ជាប់ពីខាងមុខប៉មធំ យ៉ាងណាក្ដីក៏មានប្រាសាទមួយចំនួនធំដែរ (នៅតំបន់អង្គរ) ដែលមានមណ្ឌបសន្ធឹងភ្ជាប់ពីខាងមុខប៉មធំ (ឧ.ធម្មនន្ទ,ចៅសាយទេវតា,បន្ទាយសម្រែ។ល។)។តាមការពិនិត្យមើលបន្ថែមលើផ្ដែរយើងសន្និដ្ឋានបានថាផ្ដែរនេះស្ថិតក្នុងរចនាប័ទ្មឃ្លាំង (ដើមសតវត្សទី១១) ។ដូច្នេះប្រាសាទនេះទំនងជាត្រូវបានកសាងក្នុងរាជ្យព្រះបាទសូយ៌្យវម្ម៌ទេព(ទី១)។តឹកតាងប្រវត្តិសាស្ត្រគួរឲ្យចងចាំក្នុងរាជ្យនេះគឺព្រះរាជាបានចេញបញ្ជាឲ្យគេកសាងប្រាសាទនៅពាសពេញអាណាចក្រដូចជាប្រាសាទបាសែត និងឯកភ្នំ នៅបាត់ដំបង ប្រាសាទភ្នំដា នៅតាកែវ ប្រាសាទភ្នំជើងព្រៃ និងគោកខ្វិត នៅកំពង់ចាម ប្រាសាទគុកនគរនេះជាដើម។មូលហេតុគឺទំនងជាព្រះអង្គត្រូវឲ្យប្រជានុរាស្ត្រស្គាល់ព្រះមហាក្សត្រថ្មី (ឯកសារប្រវត្តិសាស្ត្រនានាមាននិយាយពីជម្លោះរាជបល្ល័ង្កនៅដើមសតវត្សទី១១) និងទទួលថាព្រះអង្គមានអំណាចគ្រប់គ្រងប្រទេសបានទាំងមូល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner